មន្រ្តីជាន់ខ្ពស់កម្ពុជាពិភាក្សាការងារទាក់ទងការជម្រុញពាណិជ្ជកម្ម វិនិយោគជាមួយឯកអគ្គរដ្ឋទូតវៀតណាម

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឲ្យលោកNguyen Huy Tang​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដោយពិភាក្សាពីការជម្រុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនាឱកាសនេះ ភាគីទាំងពីរបានពិភាក្សាជុំវិញគោលបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជជែកពិភាក្សា លើការពិនិត្យរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនវៀតណាមអាចជួបជជែកពិភាក្សាការងារ និងស្វែងយល់អំពីសក្ដានុពលសម្រាប់ការវិនិយោគក្នុងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានថ្លែងការអបអរសាទរជូនដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលទទួលបានការតែងតាំងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកក៏បានបង្ហាញក្ដីរំពឹងថាប្រទេសទាំងពីរ នឹងអាចជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត ហើយលោកក៏បង្ហាញទិសដៅ ចង់ឱ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសវៀតណាមផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលបានជម្រាបជូនអំពីកិច្ចការងាររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួនាទីជាអ្នកសម្រ​បសម្រួលកិច្ចការងារវិនិយោគ រវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជន។ ក្នុងនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចដើរតួនាទីសម្របសម្រួល រៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនពីបណ្ដាប្រទេសនានាអាចជួបគ្នា ដើម្បីជជែកពិភាក្សាស្វែងយល់ពីសក្ដានុពលផ្សេងៗក្នុងការវិនិយោគផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីនឹងពិនិត្យលទ្ធភាព ឱ្យវិនិយោគិនពីប្រទេសទាំងពីរ អាចជួបជជែកពិភាក្សា ដើម្បីស្វែងយល់ពីឱកាសវិនិយោគរវាងគ្នានិងគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here