តម្លៃប្រេងបន្តកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកវិនិយោគ បានបន្ទាបការរំពឹងទុក និងឱកាសនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed)នៅដើមខែមីនាខាងមុខ។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ធ្លាក់ថ្លៃចុះ០,២៦ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,១ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៣៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៧៧ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,៣៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៩៤ភាគរយ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៧០ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់នៅដើមខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាស៩០ភាគរយកាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើង០,០៨៨% ដល់១០២,៤៩ពិន្ទុ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានងើបឡើងដល់កម្រិតកំពូលក្នុងរយៈពេល៣សប្តាហ៍គឺ១០២,៧៣ពិន្ទុកាលពីថ្ងៃពុធ។

ចំណែកឯ តម្លៃប្រេងបានបន្តកើនឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលអ្នកវិនិយោគកំពុងមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការរំខាននៅអណ្តូងប្រេងរបស់ប្រទេសលីប៊ី។

ជាក់ស្តែង តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង៣៣សេន ឬ០,៤២% ដល់៧៨,៥៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0101 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៤០សេន ឬ០,៥៥% ដល់៧៣,១០ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here