ដោយ: គង់ លាងហួរ
អន្តរជាតិ: កាលពីថ្ងៃពុធ ទី៣ ខែមករា តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានបញ្ជាឱ្យនិយតករទីផ្សារ បញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនទៅលើក្រុមហ៊ុន Adani Group ឱ្យបានឆាប់រហ័សត្រឹមរយៈពេល៣ខែទៀត ដោយអះអាងថា យើងមិនត្រូវការការស៊ើបអង្កេតបន្ថែមទៀតទេ។
តុលាការកំពូលបានឱ្យដឹង នៅក្នុងសេចក្តីសម្រេចមួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមប្រឹក្សាមូលបត្រ និងទីផ្សារប្តូរប្រាក់នៃប្រទេសឥណ្ឌា (SEBI) បានបញ្ចប់ការស៊ើបអង្កេតចំនួន២២ករណី ក្នុងចំណោម២៤ករណី ទៅលើក្រុមហ៊ុន Adani Group។
តុលាការកំពូលរបស់ប្រទេសឥណ្ឌាបានបន្ថែមថា និយតករមិនអាចបន្តការស៊ើបអង្កេត ដែលគ្មានដែនកំណត់នោះទេ ហេតុដូច្នេះហើយ SEBI ត្រូវបញ្ចប់ការស៊ើបអង្កេតឱ្យបាន រួចរាល់ទាំងស្រុងត្រឹមរយៈពេល៣ខែខាងមុខ។
សេចក្តីសម្រេចខាងលើ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនស្រាវ ជ្រាវរបស់អាមេរិក Hindenburg Research ធ្លាប់បានចោទប្រកាន់ក្រុមហ៊ុនឥណ្ឌា Adani Group ពីបទក្លែងបន្លំទិន្នន័យផ្សារហ៊ុន និងគម្រោងការក្លែងបន្លំគណនេយ្យ។
មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ដែលជាប្រធានក្រុមហ៊ុន Adani Group បានប្រតិកម្មទៅនឹងការសម្រេចចិត្តរបស់តុលាការ ដោយសរសេរសារបង្ហោះ នៅលើបណ្តាញសង្គមX ថា “ការពិតបានឈ្នះហើយ ខ្ញុំអរគុណចំពោះអ្នកដែលឈរនៅក្បែរយើង” ។
លោកបន្ថែមថា “ការរួមចំណែករបស់យើង ចំពោះភាពរីកចម្រើនរបស់ប្រទេសឥណ្ឌានឹងបន្តទៅមុខ”។
បន្ទាប់ពីមានការសម្រេចចិត្ត របស់តុលាការកំពូលឥណ្ឌា ភាគហ៊ុននៅក្នុងក្រុមហ៊ុន Adani Group ទាំង១០ បានហក់ឡើងថ្លៃយ៉ាងគំហុក ក្នុងការជួញដូរនៅទីក្រុង Mumbai ដោយភាគហ៊ុនមួយចំនួនបានហក់ឡើងថ្លៃប្រមាណ១០% ។
យោងតាមការចុះផ្សាយពីគេហទំព័រ MSN បានរាយការណ៍ឱ្យដឹងថា ក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg ធ្លាប់បានធ្វើឲ្យមហាសេដ្ឋីកំពូលចំនួន៣រូប បាត់បង់លុយសរុបប្រមាណ៩៩ពាន់លានដុល្លារអាមេរិក។
ប្រភពដដែលបានបន្តថា មហាសេដ្ឋីទាំង៣រូប ដែលខាតទាំងលុយ ហើយក្រុមហ៊ុនខាតប្រយោជន៍ធំ ដោយសារក្រុមហ៊ុន Hindenburg រួមមានមហាសេដ្ឋីឥណ្ឌាលោក Gautam Adani ម្ចាស់ក្រុមហ៊ុន Adani Group លោកJack Dorsey អតីតប្រធានក្រុមហ៊ុន Twitter និងមហាសេដ្ឋីអាមេរិកលោក Carl Icahn ម្ចាស់ក្រុមហ៊ុន Icahn Enterprises។
ក្នុងចំណោមមហាសេដ្ឋីទាំង៣រូបនេះ លោកGautam Adani ទទួលរងការខាតបង់ខ្លាំងជាងគេបំផុត ពោលគឺខាតបង់ទ្រព្យសម្បត្តិរហូតដល់ទៅរាប់សិបពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg ធ្លាប់បានបញ្ចេញទិន្នន័យស្រដៀងគ្នា ដោយបានចោទមហាសេដ្ឋីទាំង៣រូបនេះ ទាក់ទៅទងនឹងករណីឆបោក និងបន្លំទិន្នន័យផ្សារហ៊ុន៕ប្រភព៖ CNN៕