ពលករបរទេសក្នុងប្រទេសខាងត្បូងភាគច្រើនបំផុតមិនមានឱកាសធ្វើការនៅតាមក្រុមហ៊ុនធំៗ

ដោយ: គង់ លាងហួរ

សេអ៊ូល: យោងតាមទិន្នន័យ ដែលចងក្រងឡើងដោយស្ថាប័ន Statistics Korea បានបង្ហាញឱ្យដឹងកាលពីពេលថ្មីៗនេះថា​ ចំនួនជនបរទេសដែលចំណាកស្រុក មកធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើង១០ភាគរយ ដល់ចំនួន៩២៣.០០០នាក់ គិតត្រឹមខែឧសភា ឆ្នាំ២០២៣។

ដោយពិនិត្យមើលទៅលើសញ្ជាតិ គេសង្កេតឃើញថា ក្នុងចំណោមជនបរទេសទាំងនោះ ជនជាតិកូរ៉េ ដែលមានសញ្ជាតិដើមជាជនជាតិចិន មានចំនួនច្រើនជាងគេ ពោលគឺ៣៥,៣% បន្ទាប់មកគឺជនជាតិវៀតណាម មានចំនួន១១,៣% និងជនជាតិចិនដទៃទៀតមានចំនួន៤,៩% ។

យោងតាមទិន្នន័យពីស្ថាប័នខាងលើ ក៏បានបង្ហាញផងដែរថា​ ពលករបរទេសភាគច្រើន មានការងារធ្វើនៅក្នុងក្រុមហ៊ុនតូចៗ ខណៈពលករបរទេសតិចតួចបំផុត បានធ្វើការនៅក្នុងក្រុមហ៊ុនធំៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែងគេសង្កេតឃើញថា ក្នុងចំណោមពលករបរទេសទាំងអស់ ដែលធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងនោះមានពលករចំនួន៧៨,៨% ធ្វើការនៅក្រុមហ៊ុនដែលមានបុគ្គលិក តិចជាង៥០នាក់។ ចំណែកពលករបរទេស ដែលធ្វើការនៅក្រុមហ៊ុនដែលមានបុគ្គលិកចាប់ពី៥០ ទៅ២៩៩នាក់ មានត្រឹមតែ១៨,១% ខណៈពលករបរទេស ដែលបានបម្រើការនៅក្នុងក្រុមហ៊ុនធំៗ ដែលមានបុគ្គ​លិកលើសពី៣០០នាក់ មានត្រឹមតែ៣%ប៉ុណ្ណោះ។

ភាគរយនៃជនបរទេស ដែលធ្វើការនៅតាមក្រុមហ៊ុនធំៗក្នុងប្រទេសកូរ៉េខាងត្បូង នៅតែមានកម្រិតទាប និងបន្តធ្លាក់ចុះ ខណៈដែលអ្នកធ្វើការ នៅតាមក្រុមហ៊ុនតូចៗមានចំនួនច្រើន ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ និងជាពេលដែលទីភ្នាក់ងារស្ថិតិជាតិ បានចាប់ផ្តើមចងក្រងទិន្នន័យជាលើកដំបូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here