តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ ខណៈអ្នកវិនិយោគ កំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងចេញផ្សាយនៅក្នុងសប្តាហ៍នេះ។

ជាក់ស្តែងសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,១ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,២៨ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,០០២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,៧៣ភាគរយ។

មន្ត្រី១៧នាក់ ក្នុងចំណោម១៩នាក់ របស់ធនាគារ Fed បានព្យាករថា អត្រាការប្រាក់នឹងមានកម្រិតទាបជាងមុន ត្រឹមចុងឆ្នាំ២០២៤នេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំចំនួន៣លើកជាប់ៗគ្នា គិតត្រឹមខែធ្នូ ឆ្នាំមុន។

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសចំនួន៨៦ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់នៅដើមខែមីនាដោយធនាគារកណ្តាលអាមេរិក(Fed)។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃដល់១០២,១៥ពិន្ទុនៅថ្ងៃពុធនេះ បន្ទាប់ពីបានងើបឡើង០,៨៦%កាលពីថ្ងៃអង្គារ។

ចំណែក តម្លៃប្រេងបានកើនឡើងបន្តិចនៅព្រឹកថ្ងៃពុធនេះ ស្របពេលមានការព្រួយបារម្ភជាបន្តជុំវិញការរំខាននៃការដឹកជញ្ជូននៅក្នុងសមុទ្រក្រហម និងការកើនឡើងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។

តួយ៉ាង តម្លៃប្រេងឆៅ Brent បានកើនឡើង២៦សេន ឬ០,៤ភាគរយ ដល់៧៦,១១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0004 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង២៦សេន ឬ០,៣ភាគរយ ដល់៧០,៦៤ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here