តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានស្ថិតក្នុងសភាពទ្រឹង នៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគ កំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ ដែលគ្រោងចេញផ្សាយនៅសប្តាហ៍នេះ។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ធ្លាក់ថ្លៃចុះ០,១ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៦ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ១,០៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,២៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០៩ភាគរយ។

មន្ត្រី១៧នាក់ ក្នុងចំណោម១៩នាក់ របស់ធនាគារ Fed បានព្យាករថា អត្រាការប្រាក់នឹងមានកម្រិតទាបជាងមុន ត្រឹមចុងឆ្នាំ២០២៤នេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំចំនួន៣លើកជាប់ៗគ្នា គិតត្រឹមខែធ្នូ ឆ្នាំមុន។

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសចំនួន៨៦ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់នៅដើមខែមីនាដោយធនាគារកណ្តាលអាមេរិក(Fed)។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានធ្លាក់ថ្លៃចុះ២ភាគរយក្នុងឆ្នាំ២០២៣ ប៉ុន្តែ នៅថ្ងៃអង្គារនេះ សន្ទស្សន៍ប្រាក់ដុល្លារបានងើបឡើង០,០៤៩ពិន្ទុ ដល់១០១,៤៣ពិន្ទុ។

ចំណែក តម្លៃប្រេងបានកើនឡើង១ភាគរយនៅថ្ងៃអង្គារនេះ  ខណៈដែលការប៉ះទង្គិចគ្នារវាងកងនាវាចរសមុទ្រក្រហមបានបង្កឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតលើការរំខានដល់ការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ា។

តួយ៉ាង តម្លៃប្រេងឆៅ Brent បានកើនឡើង១,០៣ដុល្លារ ដល់៧៨,០៧ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0225 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិក បានកើនឡើង៨៨សេន ដល់៧២,៥៣ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here