លទ្ឋផលជំរឿនៈ កម្ពុជាមានសហគ្រាសអាជីវកម្មជាង៧៥ម៉ឺន

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ការ​ធ្វើ​ជំរឿន​សេដ្ឋកិច្ចនៅកម្ពុជាបាន​បង្ហាញថា ​​សហគ្រាស​អាជីវកម្ម ​ដែល​កំពុង​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​គិតត្រឹមថ្ងៃទី០១ ខែ​មីនា ឆ្នាំ​២០២២ មាន​ជាង៧៥ម៉ឺន​សហគ្រាស

លទ្ឋផលជំរឿន ដែលបានផ្សព្វផ្សាយកាលពីសប្តាហ៍មុនដោយនាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញថា ក្នុង​ចំណោម​អង្គភាព​សេដ្ឋកិច្ច​ជាង៧៥ម៉ឺន​សហគ្រាស គ្រប​ដណ្តប់​​ដោយ​អង្គភាព​សេដ្ឋកិច្ច​ធ្វើ​សកម្មភាព​អាជីវកម្ម​តាម​ចិញ្ចើម​ផ្លូវ ​​មានចំ​នួន​ជាង១០ភាគរយផងដែរ។

អង្គភាព​សេដ្ឋកិច្ច​ដែល​ធ្វើ​សកម្មភាព ​អាជីវកម្ម​តាម​ចិញ្ចើមផ្លូវ គឺជា​អង្គភាពអាជីវកម្ម​ ដែលមាន​លក្ខណៈ​ដូចជា តូប ឬស្តង់​ជាដើម ដែលមានទីតាំង​អាជីវកម្មជាក់លាក់​នៅលើចិញ្ចើមផ្លូវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​តួលេខ​ជំរឿន​បានបង្ហាញទៀតថា អង្គភាពសេដ្ឋកិច្ចដែល​ធ្វើអាជីវកម្ម តាមចិញ្ចើមផ្លូវមាន​ចំនួន១០,២% ស្មើ៧៧,០៧៣ សហគ្រាសនៃចំនួនអង្គភាពសេដ្ឋកិច្ចសរុប។ ក្នុង​នោះ​ស្ត្រីចូលរួមមានប្រមាណ៧៥% ហើយ​អ្នក​ចូលរួម​ការងារ​​ទំហំ១នាក់ ឬ២នាក់មានប្រមាណ៨៩%។

លទ្ឋផលជំរឿននេះបានបង្ហាញឲ្យដឹងផងដែរថា កម្ពុជា​មានអង្គភាពសេដ្ឋកិច្ចចំនួន៧៥៣,៦៧០ សហគ្រាស គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។ នេះបើ​យោងតាម​របាយការណ៍ជំរឿនសេដ្ឋកិច្ច​ឆ្នាំ ២០២២។

បើធៀបលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ទៅនឹងលទ្ធផលនៃជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០១១ ចំនួនអង្គភាពសេដ្ឋកិច្ចនៅឆ្នាំ ២០២២ បានកើនឡើងប្រមាណ៤៩ភាគរយ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំមាន៣,៧%។

ជាមួយ​គ្នា​នេះ​ដែរ អ្នកចូលរួមការងារបានកើនឡើង៧០,​៩% ដែលបណ្តាលឱ្យអត្រា កំណើនប្រចាំឆ្នាំមានប្រមាណ ៥% ដែលមានកម្រិតខ្ពស់ជាងអត្រាកំណើនប្រជាជន ដែលមានប្រមាណតែ​១,៤% ប៉ុណ្ណោះ។

ការធ្វើ​ជំរឿន​សេដ្ឋកិច្ច ឆ្នាំ២០២២ គ្របដណ្ដប់​លើអង្គភាព​សេដ្ឋកិច្ច​ មាន​ទីតាំង​ជាក់លាក់​អចិន្ត្រៃយ៍​ទាំងអស់ ដែល​ស្ថិតក្នុងដែនដី​នៃព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលចុងក្រោយ ​នៃការ​ធ្វើជំរឿន​សេដ្ឋកិច្ច​ឆ្នាំ២០២២ ​ត្រូវផ្សព្វផ្សាយបន្ទាប់ពី​ការប្រព្រឹត្តកម្ម ​ទិន្នន័យនិង​វិភាគ​ទិន្នន័យ​អស់រយៈពេលជាង​មួយឆ្នាំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here