នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលើកឡើងពីផែនការអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ឋមួយប្រទេសក្នុងតំបន់

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim) បានមានប្រសាសន៍ឱ្យដឹងថា ការសម្របសម្រួលរវាងរដ្ឋ និងប្រទេសជិតខាងគឺមានសារៈសំខាន់ នៅពេលរៀបចំផែន​ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានសង្កត់ធ្ងន់ផងដែរ លើតម្រូវការក្នុងការពន្លឿនការអភិវឌ្ឍន៍ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការសម្រួលដំណើរការ រវាងរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋនានា ដូចជាការផ្ទេរដីជាដើម។

លោកបានថ្លែងយ៉ាងដូចនេះ បន្ទាប់ពីលោកបានធ្វើជាប្រធានកិច្ចប្រជុំមួយ ដែលមានការចូលរួមពីអាជ្ញាធរ អនុវត្តច្រករបៀងខាងជើង អាជ្ញាធរអភិវឌ្ឍន៍តំបន់ Iskandar និងក្រុមប្រឹក្សាអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រខាងកើត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍បន្តថា “លើសពីនេះ ការរៀបចំផែន​ការ និងការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ច ក៏ត្រូវគិតគូរដល់ការធ្វើផែន​ការ និងសក្តានុពលអភិវឌ្ឍន៍ នៅក្នុងបណ្តាប្រទេសជិតខាងផងដែរ”។

លោក អាន់វ៉ា ដែលកាន់តួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរបានអះអាងថា ទុនវិនិយោគបង្គរ(cumulative investments) ចំនួន១៨៥ពាន់លានរីងហ្គីត (៣៨,៦៥ពាន់លានដុល្លារអាមេរិក) ត្រូវបានកត់ត្រាដោយច្រករបៀងភាគខាងជើងសម្រាប់២០២២។

លោកបន្ថែមថា “ Iskandar Malaysia ដែលជាច្រករបៀងអភិវឌ្ឍន៍ភាគខាងត្បូង ដែលស្ថិតនៅចំកណ្តាលរដ្ឋ Johor ដែលមានព្រំប្រទល់ជាប់ប្រទេសសិង្ហបុរី បានកត់ត្រាការវិនិយោគចំនួន៤០៩,៥ពាន់លានរីងហ្គីត (ប្រហែល៨៥,៧៤ពាន់លានដុល្លារ)”។

ចំណែកឯ តំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រភាគខាងកើតប្រទេស បានទទួលការវិនិយោគ ក្នុងទំហំទឹកប្រាក់ចំនួន១៦៤,៧ពាន់លានរីងហ្គីត(ប្រហែល៣៤,៤៨ពាន់លានដុល្លារអាមេរិក)៕

LEAVE A REPLY

Please enter your comment!
Please enter your name here