តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារអាមេរិកងើបឡើងថ្លៃ ប៉ុន្តែ អ្នកវិនិយោគនៅតែយល់ថា ធនាគារ Federal Reserve នឹងបញ្ចុះអត្រាការប្រាក់នៅឆ្នាំក្រោយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤% ដល់២០៦៩,៧៩ដុល្លារ ក្នុងមួយអោន បន្ទាប់ពីងើបឡើងថ្លៃដល់២០៨៨,២៩ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធ ខណៈតម្លៃហាងឆេង មាស របស់ សហរដ្ឋ អាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥%ដល់២០៨៣,៥០ដុល្លារក្នុងមួយអោន។

ក្រុមអ្នកវិភាគបានលើកឡើងថា កត្តាចម្បង ដែលជំរុញឱ្យតម្លៃហាងឆេងមាសហក់ឡើងខ្ពស់នាពេលថ្មីៗនេះ គឺការរំពឹងទុក ដែលថា ធនាគារកណ្តាលអាមេរិកនឹងបញ្ចុះអត្រាការប្រាក់របស់ខ្លួនក្នុងឆ្នាំ២០២៤ខាងមុខ។

កាលណាអត្រាការប្រាក់របស់សហរដ្ឋអាមេរិកធ្លាក់ចុះ នោះវានឹងជួយបង្កើនភាពទាក់ទាញនៃដុំមាស ដែលត្រូវបានគេចាត់ទុកជា ការវិនិយោគដ៏មានសុវត្ថិភាពផងដែរ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងវិបត្តិភូមិសាស្ត្រនយោបាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យបានបង្ហាញថា តម្លៃទំនិញនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងខែវិច្ឆិកា ជាលើកដំបូង ក្នុងរយៈពេលជាង៣ឆ្នាំកន្លះ ដែលធ្វើឱ្យអតិផរណាមានការថយចុះបន្ថែមទៀត និងជំរុញការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារ Fed ក្នុងខែមីនាខាងមុខ។

នៅពេលនេះ ក្រុមពាណិជ្ជករកំពុងមើលឃើញឱកាសចំនួន៨៨% នៃការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក ក្នុងខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមឧបករណ៍ CME FedWatch ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើង០,៣%កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ខែ។

តម្លៃលោហធាតុប្រាក់ Spot silver បានធ្លាក់ចុះ១% ទៅដល់២៤,០១ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៦% ដល់១០០២,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃPalladium បានធ្លាក់ចុះ២% ដល់១១២៩,៧០ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here