Kong Leanghour, [12/28/2023 10:46 AM]
តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ
ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃដល់កម្រិតខ្ពស់បំផុត នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារបន្តធ្លាក់ថ្លៃចុះ ដោយសារអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) នឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់របស់ខ្លួន នៅដើមឆ្នាំ២០២៤។
ជាក់ស្តែង សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានហក់ឡើងថ្លៃ១០ភាគរយ ក្នុងរយៈពេល២ខែកន្លងមក និងបានងើបឡើងថ្លៃ០,៣%ទៀត ដល់កម្រិតខ្ពស់បំផុត ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៦៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,២៦ភាគរយ។
សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ១,៣៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៧៦ភាគរយ។
ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៨៨ភាគរយ។
ក្រុមពាណិជ្ជករបានបង្កើនការភ្នាល់ថា ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនា បន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា សម្ពាធតម្លៃទំនិញបានបន្តធ្លាក់ចុះកាលពីខែវិច្ឆិកាកន្លងទៅ។
ជាក់ស្តែង អត្រាអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្រោម៣% នៅក្នុងខែវិច្ឆិកា ហើយសម្ពាធតម្លៃទំនិញក៏បន្តធ្លាក់ចុះផងដែរ។
នៅពេលនេះ ក្រុមពាណិជ្ជករកំពុងមើលឃើញឱកាសចំនួន៨៩% នៃការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក ក្នុងខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមឧបករណ៍ CME FedWatch ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ខែ គឺ១០០,៨១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ចំណែក តម្លៃប្រេងបានកើនឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារអ្នកវិនិយោគនៅតែមានការភ័យខ្លាចជាបន្តបន្ទាប់ជុំវិញការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២០សេន ឬ០,៣ភាគរយដល់៧៩,៨៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0133 GMT ខណៈតម្លៃប្រេងឆៅ WTI futures របស់អាមេរិកបានកើនឡើង២៤សេន ដល់៧៤,៣៥ដុល្លារក្នុងមួយបារ៉ែល៕