ប្រតិភូខេត្តយូណានប្រទេសចិនទស្សនកិច្ចខេត្តបាត់ដំបង និងស្វែងរកឱកាសជម្រុញពាណិជ្ជកម្ម

ដោយៈ គង់ សូរិយា

        បាត់ដំបងៈ អភិបាលខេត្តបាត់ដំបង លោកសុខ លូ បានអញ្ជើញជួបពិភាក្សាការងារ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ Ma Jun អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តយូណាន នៃប្រទេសចិន នៅឯសាលប្រជុំB២ VIP សាលាខេត្តបាត់ដំបង ។

មានប្រសាសន៍នាឱកាសនោះដែរ លោកសុខ លូ បានមានប្រសាសន៍ថ្លែង នូវការស្វាគមន៍ដល់គណៈប្រតិភូ នៃខេត្តយូណាន ដែលបានចំណាយពេលវេលា ធ្វើដំណើរទស្សនកិច្ចសិក្សានៅលើទឹកដីខេត្តបាត់ដំបង ដើម្បីពិភាក្សារឹតចំណងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្តយូណានៃប្រទេសចិន និងខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ឱ្យមានភាពរឹងមាំ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តទៀតថា ខេត្តបាត់ដំបង ជាខេត្ត ដែលមានសក្ដានុពលខាងផ្នែកកសិកម្ម ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ខេត្តបាត់ដំបងជាតំបនប៉ូលសេដ្ឋកិច្ចទី៤ ដែលផ្សារភ្ជាប់ទៅនឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគទាំងក្នុង និងក្រៅប្រទេសមកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញកសិផល វារីវប្បកម្ម និងបសុសត្វ ។

លោកបន្តទៀតថា បើទោះបីខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្មក៏ពិតមែន តែការវិនិយោគលើផ្នែកកែច្នៃផលិតផលកសិកម្ម នៅមានកម្រិតនៅឡើយ។ ដូចនេះយើងនៅតែត្រូវការអ្នកវិនិយោគជាច្រើនបន្ថែមទៀត ដើម្បីជំរុញផ្នែកការកែច្នៃផលិតផលកសិកម្ម ដែលមាននៅក្នុងខេត្តបាត់ដំបង ។

ជាមួយគ្នានេះ លោក Ma Jun អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តយូណាន នៃប្រទេសចិន បានលើកឡើងថា ខេត្តយូណាន និងខេត្តបាត់ដំបង មានទំនាក់ទំនងយ៉ាងជិតស្និតយូរមកហើយដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ ខេត្តបាត់ដំបង និងខេត្តយូណានមានភាពស្រដៀងគ្នា ទាំងសំណង់អគារបុរាណ ផលិតផលកសិកម្មមួយចំនួនជាដើម ។

លោកបានបន្តទៀតថា ខេត្តបាត់ដំបងជាខេត្ត ដែលអំណោយផលផ្នែកអាកាសធាតុ ដែលសាកសមសម្រាប់ ការធ្វើកសិកម្មនៅលើទឹកដីមួយនេះ ហើយលោកសង្ឃឹមថា ខេត្តបាត់ដំបង និងខេត្តយូណាននឹងមានចំណងមិត្តភាព ផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចកាន់តែរឹងមាំផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here