កម្ពុជា និងវៀតណាមប្តេជ្ញារក្សាសណ្តាប់ធ្នាប់នៅតាមព្រំដែន ដើម្បីជំរុញលើកកំពស់ពាណិជ្ជកម្មឆ្លងដែន រវាងប្រទេសទាំង២

ដោយ: គង់ លាងហួរ
ភ្នំពេញ: ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានចូលជួបសម្តែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Vietnam News Agency នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្នុងអំឡុងជំនួបនោះ ភាគីទាំង២ បានសង្កត់ធ្ងន់ថា នឹងធ្វើការរួមគ្នារក្សាសណ្តាប់ធ្នាប់នៅតាមព្រំដែន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពពាណិជ្ជកម្មឆ្លងព្រំដែនរវាងប្រទេសទាំង២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានអបអរសាទរដល់កម្ពុជា ដែលបានទទួលជោគជ័យក្នុងតួនាទីរបស់ខ្លួនជាប្រធានអាស៊ានវិលជុំនៅឆ្នាំ២០២២ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ និងការបោះឆ្នោតរដ្ឋសភានីតិកាលទី៧។

លោកឯកអគ្គរដ្ឋទូតបានកោតសរសើរកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាក្នុងតំបន់ចំនួនពីរគឺ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលបានរួមចំណែកលើកកំពស់ជំហររបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

លោកសង្ឃឹមថា រដ្ឋាភិបាល ក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ ជាពិសេសក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈវៀតណាម នឹងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងទ្វេរភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ដោយនាំមកនូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានសម្តែងការរីករាយចំពោះការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេរភាគីរវាងប្រទេសជិតខាងទាំង២ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកសង្ឃឹមថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងតំបន់មូលដ្ឋាន ជាពិសេសតំបន់ព្រំដែនរួម សម្រេចបានកិច្ចព្រមព្រៀងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងបង្កើនការសម្របសម្រួលក្នុងវិស័យការពារជាតិ ដើម្បីរក្សាសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមរបស់ប្រទេសនីមួយៗ ព្រមទាំងរួមចំណែក ក្នុងការបង្រួបបង្រួម និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ។

ភាគីទាំង២បានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការប្រជុំតាមរយៈបណ្តាញផ្សេងៗដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍.បន្តរក្សាយន្តការសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងស្វែងរកឱកាស និងយន្តការថ្មីប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅលើវិស័យផ្សេងៗទៀត។

លើសពីនេះ កម្ពុជា និងវៀតណាមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាឱ្យបានសន្តិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ភាគីទាំងពីរ។ ជាមួយគ្នានេះ ភាគីទាំង២ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការថែរក្សាសណ្តាប់ធ្នាប់នៅតាមព្រំដែន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពពាណិជ្ជកម្មឆ្លងព្រំដែន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here