កម្ពុជា និងបណ្តាប្រទេសមេគង្គ-ឡានឆាង ឯកភាពជំរុញការអភិវឌ្ឍន៍ខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចMLC

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមថ្នាក់ដឹកនាំនៃប្រទេសទាំង៦ ក្នុងកិច្ចសហប្រតិ​បត្តិការមេគង្គ-ឡានឆាង (MLC) បានប្តេជ្ញាដើម្បីរួមគ្នាកសាងសហគមន៍អនាគតរួមគ្នា និងការធ្វើទំនើបកម្មនៅក្នុងតំបន់។

ប្រទេសទាំង៦នោះរួមមាន ប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម។ យោងតាមសេចក្តីប្រកាសមួយ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ ប្រទេសមេគង្គ-ឡានឆាង លើកទី៤  បានឱ្យដឹងថា ថ្នាក់ដឹកនាំទាំងអស់ នឹងបន្តបង្កើនការជឿទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក រួមផ្សំយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងឆ្លើយតបចំពោះបញ្ហាប្រឈមរួម។

ក្រុមថ្នាក់ដឹកនាំបានឯកភាពធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង និងខិតខំប្រឹងប្រែងបន្ថែមទៀត ឆ្ពោះទៅរកការកសាងសហគមន៍អនាគតរួមគ្នា ឱ្យកាន់តែប្រសើរឡើង ប្រកបដោយសន្តិភាព និងវិបុលភាពក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម ​​“សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ”បានឱ្យដឹងថា ថ្នាក់ដឹកនាំទាំងអស់ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ឯកភាពជំរុញការអភិវឌ្ឍន៍ខ្សែក្រវ៉ាត់ អភិវឌ្ឍន៍សេដ្ឋកិច្ចឡានឆាង-មេគង្គ (LMEDB) ដែលផ្តោតលើប្រជាជន និងចាប់យកឱកាសពីវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ  ក៏ដូចជាការផ្លាស់ប្តូរឧស្សាហកម្ម ដើម្បីជំរុញការស្តារសេដ្ឋកិច្ច និងវិបុលភាពក្នុងតំបន់។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំង៦ប្រទេសបានបង្ហាញពីការត្រៀមខ្លួន ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ធ្វើការរួមគ្នាដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លើសពីនេះ ក្រុមថ្នាក់ដឹកនាំក៏បានសម្តែងនូវឆន្ទៈ របស់ពួកគេ ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការ ដែលមានគុណភាពខ្ពស់ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។

ក្រៅពីនេះ មេដឹកនាំប្រទេសទាំង៦ បានដាក់ចេញគំនិតផ្តួចផ្តើមរួមគ្នាលើការអភិវឌ្ឍន៍ច្រករបៀងច្នៃប្រឌិត (MLC) ដោយអះអាងថា ការកែលម្អបន្ថែមទៀត នូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) នឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម និងជួយកសាងសហគមន៍អនាគតរួមគ្នាប្រក​បដោយសន្តិភាព និងវិបុលភាព ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here