ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃចុះ បន្ទាប់ពីអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) នឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់របស់ខ្លួន នៅដើមឆ្នាំ២០២៤។
ជាក់ស្តែងសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៧ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។
ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,១ភាគរយ។
ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,២២ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,១៧ភាគរយ។
ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ១,០៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០៣ភាគរយ។
ក្រុមពាណិជ្ជករបានបង្កើនការភ្នាល់ថា ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនា បន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា សម្ពាធតម្លៃទំនិញបានបន្តធ្លាក់ចុះកាលពីខែវិច្ឆិកាកន្លងទៅ។
ជាក់ស្តែង អត្រាអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្រោម៣% នៅក្នុងខែវិច្ឆិកា ហើយសម្ពាធតម្លៃទំនិញក៏បន្តធ្លាក់ចុះផងដែរ។
នៅពេលនេះ ក្រុមពាណិជ្ជករកំពុងមើលឃើញឱកាសចំនួន៧៩% នៃការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក ក្នុងខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមឧបករណ៍ CME FedWatch ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានស្ថិតនៅត្រឹម១០១,៥៤ពិន្ទុនៅថ្ងៃពុធនេះ ក្រោយពីធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ខែ គឺ១០១,៤២ពិន្ទុកាលពីសប្តាហ៍មុន។
ចំណែក តម្លៃប្រេងបានធ្លាក់ចុះនៅព្រឹកថ្ងៃពុធនេះ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនធំៗបានចាប់ផ្តើមត្រឡប់ទៅកាន់សមុទ្រក្រហមវិញ បើទោះបីជាមានការវាយប្រហារបន្ត និងភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ាយ៉ាងណាក្តី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៨សេន មកនៅត្រឹម៨០,៨៩ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0101 GMT ខណៈតម្លៃប្រេងឆៅ WTI futures របស់អាមេរិកបានធ្លាក់ចុះ២២សេន មកនៅត្រឹម៧៥,៣៥ដុល្លារក្នុងមួយបារ៉ែល៕