ធនាគារអាល្លឺម៉ង់ធំមួយផ្តល់កម្ចីក្នុង​អត្រា​ការប្រាក់​ទាបចំនួន៥០​លាន​ដុល្លារ ​ដល់ក្រុមហ៊ុនក្នុងស្រុកដើម្បី ពង្រីកអាជីវកម្ម

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ធនាគារ DEUTSCHE BANK AG របស់​អាល្លឺម៉ង់​ដែលមានសាខា​ក្នុងប្រទេស​សិង្ហ​បុរី បានសម្រេច​ផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាបចំនួន៥០​លាន​ដុល្លារ ​ដល់​ក្រុមហ៊ុនCAMGSM ជា​ក្រុមហ៊ុន ចុះបញ្ជី​ភាគហ៊ុន​ក្នុងស្រុក ដើម្បី​យកទៅ​ពង្រីក​ប្រព័ន្ធ​បណ្តាញ​បច្ចេកវិទ្យា​របស់ខ្លួន​។​

យោងតាម​ឯកសារ​បាន​ពី​ក្រុមហ៊ុន ​ដែល​ផ្ញើ​ទៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) កាលពី​ថ្ងៃទី​២៦ ខែធ្នូបានឲ្យដឹងថា ក្រុមហ៊ុន CAMGSM Plc​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ ​ជាមួយ​ធនាគារ DEUTSCHE BANK AG សាខាប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ក្នុងតម្លៃ​កម្ចី​ចំនួន៥០​លាន​ដុល្លារ សម្រាប់​រយៈពេល១០​ឆ្នាំ ចាប់ពី​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០៣៤ ហើយ​អត្រា​ការប្រាក់​ចំនួន៣​ភាគរយ​+ SOFR រយៈពេល ៦ ​ខែ​។​

​ក្រុមហ៊ុន​នេះ បានឱ្យដឹង​នៅក្នុង​ឯកសារ​នេះ​ថា​ “​ប្រាក់កម្ចី​រយៈពេល​វែង​នេះ ​មាន​គោលបំណង​ផ្តល់​ហិរញ្ញប្បទាន ​ដល់​ការចំណាយ​ដើមទុន​សម្រាប់​ការពង្រីក​ប្រព័ន្ធ​បណ្តាញ​បច្ចេកវិទ្យា​”​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហុង សុ​ហួរ អគ្គនាយក CSX បានមានប្រសាសន៍ឲ្យដឹងថា ទោះបីជា​ក្រុមហ៊ុន​ត្រូវបាន​ចុះ បញ្ជី​លើ​ផ្សារ​ហ៊ុន​នេះ​ក៏ដោយ ក៏​ពួកគេ​នៅតែ​អាច​ទទួលយក​ហិរញ្ញប្បទាន ឬ​កម្ចី​ពី​ប្រភព​ណាមួយ​ដើម្បី​គាំទ្រ​ដល់​កំណើន​អាជីវកម្ម​របស់​ពួកគេ​ដែរ​។

​​លោក​ថ្លែងថា​ “​ជាធម្មតា ក្រុមហ៊ុន​ណាមួយ​ដែល​បាន​ចុះបញ្ជី​នៅតែមាន​លទ្ធភាព​ទទួល​យកប្រាក់​កម្ចី ឬ​ហិរញ្ញប្បទាន​ពី​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងទៀត ដើម្បី​គាំទ្រ​ដល់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ ពីព្រោះ​ពួកគេ ​មិនអាច​ប្រើប្រាស់​មូលនិធិ​ ដែល​ពួកគេ​ប្រមូលបាន​ពី​ទីផ្សារ​មូលធន​តែមួយ​មុខ ដើម្បី​គាំទ្រ​អាជីវកម្ម​របស់​ពួកគេ​បានទេ​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here