រុស្ស៊ីមានបំណងរៀបចំដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ  លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបាននិយាយថា ទីក្រុងមូស្គូមានបំណងរៀបចំ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម។

រុស្ស៊ីប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ចជាមួយការថ្នាក់ដឹកនាំ អណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា។ នេះជាការបញ្ជាក់របស់លោក អាណាតូលី បូរ៉ូវីក នៅសន្និសីទសារព័ត៌មានថ្ងៃទី២៦ ខែធ្នូ មុនបន្តថា រុស្ស៊ីមានបំណងរៀបការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងខ្ពស់បំផុតជាមួយកម្ពុជា។

លោកបូរ៉ូវីក និយាយថា ស្ថានទូតរុស្ស៊ីកំពុងពិនិត្យលទ្ធភាព រៀប​ចំរបៀបវារៈមួយចំនួនដូចជា ឯកសារ ឬកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាជាមួយគ្នាអំឡុងទស្សនកិច្ចខាងមុខដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះមុខអ្នកកាសែតកម្ពុជា អ្នកការទូតរូបនេះបញ្ជាក់ថា បើទោះបីរងទណ្ឌកម្មពីលោកខាងលិច ក៏រុស្ស៊ីអាចរក្សារនូវកំណើនសេដ្ឋកិច្ចរុស្ស៊ីនៅរង្វង់៥ភាគរយ។ ការណ៍នេះបង្ហាញថា រុស្ស៊ីនៅតែដើរតួនាទីយ៉ាងសកម្ម ក្នុងដោះដូរពាណិជ្ជកម្ម ជាមួយប្រទេសជាច្រើនរួមទាំងកម្ពុជា។

ជុំវិញការប្តូររូបិយប័ណ្ណ សម្រាប់ការទូទាត់រវាងភាគីទាំងពីរ លោក អាណាតូលី បូរ៉ូវី បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា (NBC) និងក្រសួងហិរញ្ញវត្ថុរុស្ស៊ី កំពុងបន្តពិភាក្សា ដើម្បីសម្រេចបាននាពេលឆាប់ៗ។ ត្រង់ចំណុចនេះ លោកបានរិះគន់លោកខាងលិចដែលបានចាត់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ព្យាយាមរារាំងប្រទេសផ្សេងៗជុំវិញការទូទាត់ជាមួយប្រទេសខ្លួន។

លោក អាណាតូលី បូរ៉ូវីបានបញ្ជាក់ថា ប្រាក់ដុលា្លរដែលកំពុងចរាចរសព្វថ្ងៃ កំពុងទទួលការមិនពេញចិត្តជាច្រើន ពីសំណាក់ប្រទេសនានា។ រុស្ស៊ី និងមហាអំណាចផ្សេងទៀត ដូចជាប្រទេសចិន ឥណ្ឌាជាដើម កំពុងតែអនុវត្តនូវការទូទាត់រវាងគ្នា ជារូបិយប័ណ្ណជាតិខ្លួន ដើម្បីបញ្ចៀសការប្រើប្រាស់ប្រាក់ដុល្លារ។

ទន្ទឹមនេះ អាហារូបករណ៍រុស្ស៊ី បន្តផ្តល់ឲ្យសិស្សនិស្សិតកម្ពុជានាពេលបច្ចុប្បន្ន មានចំនួន៤០កន្លែងរាល់ឆ្នាំ។ រុស្ស៊ីនឹងពិចារណាលើការផ្តល់កូតាអាហារូបករណ៍បន្ថែម ប្រសិនបើកម្ពុជាមានបំណងចង់បង្កើនការផ្លាស់ប្តូរ ឬបញ្ជូននិស្សិតទៅសិក្សានៅរុស្សី​។

ចំណែកបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កម្ពុជាមិនបានបោះឆ្នោតគាំទ្រទីក្រុងមូស្គូជុំវិញ ប្រតិបត្តិការយោធាលើទីក្រុងកៀវឡើយ។

ត្រង់ចំណុចនេះ លោកឯកអគ្គរដ្ឋទូតបានបញ្ជក់ថា “រុស្ស៊ីគោរពការសម្រេចចិត្តរបស់កម្ពុជា ព្រោះកម្ពុជាជារដ្ឋឯករាជ្យ ប្រជាធិបតេយ្យ និងអាចអនុវត្តគោលនយោបាយពេញលេញ។ ដូច្នេះរុស្ស៊ីមិនដែលជ្រៀជ្រែករដ្ឋឯករាជ្យ និងអធិបតេយ្យប្រទេសណាមួយឡើយ”។ លោកបន្តថា យ៉ាងណាមិញ ជំហររុស្ស៊ីព្យាយាមពន្យល់ដល់សមភាគីកម្ពុជា អំពីការប៉ុនប៉ងរបស់បណ្តាប្រទេសខាងលិច ដែលទាញអ៊ុយក្រែនឲ្យចូលស្ថានភាពវឹកវរនេះ​» ។

តំណាងរុស្ស៊ី ក៏ឆ្លៀតនិយាយការពារប្រតិបត្តិការ នៅអ៊ុយក្រែន និងបកស្រាយមូលហេតុ ដែលនាំឱ្យរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែនថែមទៀត៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here