តម្លៃប្រេងធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃចុះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក(Fed) ត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់របស់ខ្លួន នៅដើមឆ្នាំ២០២៤ខាងមុខ។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ងើបឡើងថ្លៃ០,២០ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,០០៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានបិទការជួញដូរ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៦៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៥៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,០៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០២៣ភាគរយ។

យោងតាមទិន្នន័យបានបង្ហាញថា GDP របស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤,៩% កាលពីត្រីមាសទី៣ ពោលគឺធ្លាក់ចុះ បើធៀបនឹងល្បឿនដែលបានរាយការណ៍ពីមុន៥,២% ខណៈការទាមទារអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើប្រចាំសប្តាហ៍បានកើនឡើងបន្តិចប៉ុណ្ណោះ។

កាលពីសប្តាហ៍មុន ក្រុមពាណិជ្ជករបានបង្កើនការភ្នាល់គ្នាថា ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា សម្ពាធតម្លៃទំនិញបន្តធ្លាក់ចុះកាលពីខែវិច្ឆិកាកន្លងទៅ។

ជាក់ស្តែង អត្រាអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្រោមកម្រិត៣% នៅក្នុងខែវិច្ឆិកា ហើយសម្ពាធតម្លៃទំនិញក៏បន្តធ្លាក់ចុះផងដែរ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានធ្លាក់ថ្លៃចុះជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ខែកាលពីសប្តាហ៍មុន ដែលធ្វើឱ្យមានកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ។

ចំណែក តម្លៃប្រេងមានការប្រែប្រួលតិចតួចនៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគផ្តោតលើភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា និងមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៦សេន មកនៅត្រឹម៧៩,១៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0115 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៣សេនដល់៧៣,៥៩ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here