តើធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មានទ្រព្យសកម្ម និងទទួលបានមូលនិធិតាមរយៈមធ្យោបាយណាខ្លះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាធនាគារដ៏ធំមួយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជួយសមាជិក និងដៃគូរបស់ខ្លួន តាមរយៈការផ្តល់ឥណទានហិរញ្ញប្បទាន ឬប្រាក់កម្ចី ជំនួយបច្ចេកទេស ជំនួយឥតសំណង ​និងការវិនិយោគមូលធន ដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម។

ADB គឺជាធនាគារអភិវឌ្ឍន៍ថ្នាក់តំបន់មួយ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៦៦ ពោលគឺមានអាយុកាល៥៧ឆ្នាំមកហើយ បើគិតមកទល់ពេលនេះ។

គិតត្រឹមឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទ្រព្យសកម្មសរុបចំនួន២៩០,៦៥ពាន់លានដុល្លារ និងមានបំណុល(Liabilities)​សរុបចំនួន២៣៦,៤៤ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារនេះមានទីស្នាក់ការ ស្ថិតនៅកណ្តាលនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងមានការិយាល័យនៅក្នុងប្រទេសចំនួន៣៧ ជុំវិញពិភពលោក។  ADB មាន​ប្រទេស​ជា​សមាជិក​ចំនួន៦៨ ដែលក្នុង​នោះ៤៩ប្រទេស​មក​ពី​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក។

ការបង្កើតឡើងនៃស្ថាប័នហិរញ្ញវត្ថុនេះធ្វើឡើង តាមរយៈការអនុម័តដំណោះស្រាយមួយ នៅសន្និសីទរដ្ឋមន្ត្រីស្តី ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី និងរៀបចំដោយគណៈកម្មការសេដ្ឋកិច្ច របស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី និងចុងបូព៌ា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ម្ចាស់ភាគហ៊ុនធំជាងគេទាំង៥របស់ADB រួមមាន ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលកាន់កាន់ភាគហ៊ុន១៥,៦%ដូចគ្នា សាធារណរដ្ឋប្រជាមានិតចិន កាន់កាប់ភាគហ៊ុន៦,៤% ឥណ្ឌាកាន់កាប់៦,៣% និងអូស្ត្រាលី កាន់កាប់៥,៨%។

ក្នុងនាមជាស្ថាប័នដែលមានចំណាត់ថ្នាក់ AAA ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមូលមូលនិធិ តាមរយៈការបោះផ្សាយលក់សញ្ញាប័ណ្ណនៅលើទីផ្សារមូលធនរបស់ពិភពលោក។

ធនាគារ ADB ក៏ពឹងផ្អែកលើការរួមចំណែក របស់បណ្តាប្រទេសជាសមាជិក ប្រាក់ចំណេញដែលបានរក្សាទុក ពីប្រតិបត្តិការផ្តល់ប្រាក់កម្ចី និងការទូទាត់សងប្រាក់កម្ចី។

ចំណែក ប្រទេសដែលទទួលបានកម្ចីច្រើនជាងគេ ពីធនាគារ ADB រួមមាន ប្រទេសប៉ាគីស្ថាន ជំពាក់៣,៤ពាន់លានដុល្លារ ហ្វីលីពីនជំពាក់២,៦ពាន់លានដុល្លារ បង់ក្លាដែសជំពាក់២,៣ពាន់លានដុល្លារ ឥណ្ឌាជំពាក់២,២ពាន់លានដុល្លារ និងឥណ្ឌូនេស៊ីជំពាក់១,៩ពាន់លានដុល្លារ។

នៅឆ្នាំ២០២២ ADB បានសន្យាផ្តល់ប្រាក់កម្ចី ជំនួយការវិនិ​យោគទុន ការធានាកម្មវិធីវិស័យឯកជន និងជំនួយបច្ចេកទេសចំនួន២០,៥ពាន់លានដុល្លារ ដល់វិស័យសាធារណៈ និងឯកជននៃប្រទេ​សសមាជិករបស់ខ្លួន។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ការសន្យាផ្តល់ឥណទានបង្គរ(cumulative commitments) របស់ធនាគារADB នៅក្នុងប្រទេសចំនួន៤៥ មានទំហំទឹកប្រាក់៣៥៨,៤ពាន់លានដុល្លារ ដែលគ្របដណ្តប់ លើប្រាក់កម្ចីចំនួន៤.១៨៩គម្រោង។ ជំនួយចំនួន៥៦៦គម្រោង គិតជាទឹកប្រាក់១២,៦ពាន់លានដុល្លារ និងជំនួយបច្ចេក​ទេសចំនួន៥,៥ពាន់លានដុល្លារ រួមទាំងជំនួយបច្ចេកទេសក្នុងតំបន់ផងដែរ។

ធនាគារនេះ បានយកម៉ូឌែលស្រដៀងគ្នា នឹងធនាគារពិភពលោក (World Bank) ដែរ ហើយមានប្រព័ន្ធបោះឆ្នោតស្រដៀងគ្នា។ ធនាគារនេះ តែងតែបញ្ចេញរបាយការណ៍សង្ខេប អំពីប្រតិបត្តិការ ថវិកា និងព័ត៌មានផ្សេងៗទៀតសម្រាប់សាធារណៈជន។

អ្នកធ្វើគោលនយោបាយថ្នាក់កំពូលនៃធនាគារ ADB គឺគណៈអភិបាល (Board of Governors) ដែលមានសមាសភាពតំណាងមួយរូបៗ មកពីប្រទេសជាសមាជិកនីមួយ​ៗ។ គណៈអភិបាលនេះបោះឆ្នោតជ្រើសតាំងខ្លួនឯង ក្នុងចំណោមសមាជិកទាំង១២រូបនៃក្រុមប្រឹក្សាភិបាល (Board of Directors) និងអនុប្រធានរបស់ពួកគេ។

សមាសភាព៨រូបនៃសមាជិកទាំង១២ មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចំណែកឯសមាជិកផ្សេងទៀត មកពីបណ្ដាប្រទេសជាសមាជិ​កដែលមិនស្ថិតនៅក្នុងតំបន់។

គណៈអភិបាល ក៏បោះឆ្នោតជ្រើសតាំងប្រធានរបស់ធនាគារនេះ ដែលនឹងក្លាយជាប្រធានក្រុមប្រឹក្សាភិបាល និងគ្រប់គ្រងធនាគារADB ផងដែរ។ ប្រធានធនាគារនេះ កាន់តំណែងមួយអាណត្តិ៥ឆ្នាំ  ហើយដោយសារតែប្រទេសជប៉ុន ជាម្ចាស់ភាគហ៊ុនធំបំផុតមួយ ជាទូទៅប្រធានគឺតែងតែជាជនជាតិជប៉ុន។

ធនាគារADB ជាស្ថាប័នអភិវឌ្ឍន៍សង្គម ដែលប្ដេជ្ញាជួយកាត់បន្ថយភាពក្រីក្រ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការផ្ដល់ឥណទាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន កំណើនប្រកបដោយនិរន្តភាពផ្នែកបរិស្ថាន និងការសមាហរណកម្មតំបន់។

ការចូលរួមកាត់បន្ថយភាពក្រីក្រ ធ្វើឡើងតាមរយៈការវិនិយោគ ក្នុងទម្រង់ជាឥណទាន ជំនួយឥតសំណង និងការចែករំលែកព័ត៌មាន ដោយជួយដល់ប្រទេសនានា ឱ្យត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ដែលបង្កឡើង ដោយបម្រែបម្រួលអាកាសធាតុ ឬគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ព្រមទាំងនៅក្នុងវិស័យផ្សេងៗទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here