តម្លៃហាងឆេងមាស បានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាស បាន ងើបឡើង ថ្លៃ នៅថ្ងៃ អង្គារនេះ ខណៈ ផល ប័ត្ររតនាគារ និងប្រាក់ ដុល្លារអាមេរិក ធ្លាក់ ថ្លៃចុះ បន្ទាប់ពីអ្នកវិនិយោគមានការ រំពឹង ទុក ថា ធនាគារ កណ្តាល អាមេរិក នឹង បញ្ចុះអត្រា ការ ប្រាក់ នៅ ដើម ឆ្នាំ ២០២៤។

តួយ៉ាង តម្លៃមាស Spot Gold និងតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើងថ្លៃដល់ប្រមាណ២០៦៣,៨៩ដុល្លារក្នុងមួយអោន ក្នុងជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

លោក Tai Wong ដែលជាពាណិជ្ជករលោហៈធាតុ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានឱ្យដឹងថា លោហៈធាតុដ៏មានតម្លៃនានា រួមទាំង មាសកំពុងត្រូវបានជំរុញឱ្យហក់ឡើងថ្លៃ តាមរយៈការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់ចំនួន១៥០ពិន្ទុមូលដ្ឋានដោយធនាគារកណ្តាលអាមេរិកក្នុងឆ្នាំ២០២៤ ។

កាលពីសប្តាហ៍មុន ក្រុមពាណិជ្ជករបានបង្កើនការភ្នាល់គ្នាថា ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា សម្ពាធតម្លៃទំនិញបន្តធ្លាក់ចុះកាលពីខែវិច្ឆិកាកន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង អត្រាអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្រោមកម្រិត៣% នៅក្នុងខែវិច្ឆិកា ហើយសម្ពាធតម្លៃទំនិញក៏បន្តធ្លាក់ចុះផងដែរ។

លោក Phillip Streible ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារប្រចាំក្រុមហ៊ុន Blue Line Futures ក្នុងទីក្រុង Chicago បានលើកឡើងថា តម្លៃមាសនឹងត្រូវបានជំរុញឱ្យហក់ឡើងថ្លៃបន្តទៀត ដោយសារការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក និងផលប័ត្ររតនាគារ ព្រមទាំងការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ខែកាលពីសប្តាហ៍មុន ដែលធ្វើឱ្យមានកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ។

តម្លៃលោហធាតុប្រាក់Spot silver បានធ្លាក់ចុះ១,២% ទៅដល់២៤,១២ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៧% ដល់៩៦៩,៦៧ដុល្លារក្នុងមួយអោន ហើយតម្លៃPalladium បានធ្លាក់ចុះ០,៩% ដល់១២០២,៤៦ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here