តើអគ្គនាយកដ្ឋានគយធ្វើកំណែទម្រង់អ្វីខ្លះដើម្បីជួយដល់ វិស័យឯកជន?

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ  អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបញ្ចេញនូវវិធានការកែទម្រង់ថ្មីជាកញ្ចប់ ដើម្បីជួយដល់វិស័យឯកជនឱ្យមានសន្ទុះឡើងវិញ បន្ទាប់ពីមានការណែនាំពីនាយករដ្ឋមន្ត្រី។

វិធានការទាំងនោះ រួមមាន ការកាត់បន្ថយថ្លៃរដ្ឋបាលគយ ការគ្រប់គ្រងការនាំចូល និងគាំពារសុខភាពសាធារណៈ និងការសម្រួលនីតិវិធីគយឱ្យកាន់តែងាយស្រួល។

ការប្រកាសពីកំណែទម្រង់នេះ បានធ្វើឡើងនៅសាលាជាតិគយ ព្រឹកថ្ងៃច័ន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីមន្ត្រីនៃអគ្គនាយកដ្ឋាន និងផ្នែកឯកជនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គនាយកនៃអគ្គនាយកដ្ឋានគយលោក គុណ ញឹម បានថ្លែងថាការកែទម្រង់នេះ គឺធ្វើឡើងថាលទ្ធផលនៃជំនួប រវាងរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅត្រង់ចំណុចទី៤ ដែលបានដាក់ឱ្យអគ្គនាយកដ្ឋានគយទទួលខុសត្រូវ។

ក្នុងចំណុចទី៤ នៃលទ្ធផលនៃជំនួប រវាងរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បានតម្រូវឱ្យគយសម្រួលវិធានការបញ្ចញទំនិញ លើកកម្ពស់ប្រសិទ្ធភាពសេវា ជំរុញការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច បន្ថែមម៉ោងផ្ដល់សេវារបស់មន្ត្រីគយនៅពេលយប់ ជំរុញការបណ្ដុះបណ្ដាល និងផ្ដល់អាជ្ញាបណ្ណជើងសារគយ និងការពង្រឹងការគ្រប់គ្រង លើការនាំចូលដោយខុសច្បាប់នូវសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីជាដើម។

លោកគុណ ញឹមបានបញ្ជាក់ថា “វិធានការមួយចំនួននឹងត្រូវអនុវត្តចាប់ពីដើមឆ្នាំ២០២៤ នេះទៅហើយ”។លោកបន្តថា “វិធានការដែលនឹងចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៤ រួមមានការសម្រួលវិធានការបញ្ចេញទំនិញ បង្កើនប្រសិទ្ធភាពសេវា និងជំរុញការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច កាត់បន្ថយលើតម្លៃរដ្ឋបាល ខណៈការគ្រប់គ្រងការនាំចូលសាច់បង្កក នឹងចាប់ផ្ដើមនៅខែឧសភា ឆ្នាំ២០២៤ ដោយមានពាក់ព័ន្ធនឹងក្រសួង ស្ថាប័នច្រើន”។

អគ្គនាយកគយបានបន្ថែមថា វិធានការថ្មីនេះ នឹងធ្វើឱ្យចំណូលរបស់អគ្គនាយកដ្ឋានមានការថយចុះ តែវាបានជួយសម្រាលបន្ទុកចំណាយរបស់វិស័យឯកជនបានច្រើន។

លោកបានបន្តថា “ជារួមគឺមានការលះបង់! រាជរដ្ឋាភិបាលមានការលះបង់កាត់បន្ថយចំណាយ ក្នុងទម្រង់ជាកម្រៃពាក់ព័ន្ធផ្សេងៗនោះគឺសុខចិត្តបាត់បង់ ប៉ុន្ដែឱ្យបន្ថូរដោះបន្ទុករបស់វិស័យឯកជន”។

វិធានការថ្មីរបស់អគ្គនាយកដ្ឋានគយ នៅពេលនេះគឺបន្ទាប់ពីមានការដាក់ចេញវិធានការ ពីនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹងផ្នែកឯកជន ដើម្បីពង្រឹងការប្រកួតប្រជែងរបស់កម្ពុជា និងចូលរួមកសាងភាពធន់នៃខឿនសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here