តម្លៃប្រេងធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃចុះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក(Fed) ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់របស់ខ្លួន នៅដើមឆ្នាំ២០២៤។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ងើបឡើងថ្លៃ០,០៧ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៤២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៦៩ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,០៨ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,២២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,០៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០២ភាគរយ។

យោងតាមទិន្នន័យបានបង្ហាញថា GDP របស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤,៩% កាលពីត្រីមាសទី៣ ពោលគឺធ្លាក់ចុះ បើធៀបនឹងល្បឿនដែលបានរាយការណ៍ពីមុន៥,២% ខណៈការទាមទារអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើប្រចាំសប្តាហ៍បានកើនឡើងបន្តិចប៉ុណ្ណោះ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមពាណិជ្ជករបានបង្កើនការភ្នាល់ថា ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនា បន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា សម្ពាធតម្លៃទំនិញបន្តធ្លាក់ចុះកាលពីខែវិច្ឆិកា។

ជាក់ស្តែង អត្រាអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្រោម៣% នៅក្នុងខែវិច្ឆិកា ហើយសម្ពាធតម្លៃទំនិញក៏បន្តធ្លាក់ចុះផងដែរ។

សន្ទស្សន៍ប្រាក់ដុល្លារ បានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត៥ខែ។ ចំណែក ផលប័ត្ររតនាគារអាមេរិករយៈពេល១០ឆ្នាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែកក្កដា។

ចំណែក តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ ខណៈអ្នកវិនិយោគមានការរំពឹងទុកថា ប្រទេសអង់ហ្គោឡាអាចនឹងបង្កើនការផលិតប្រេងរបស់ខ្លួន បន្ទាប់ពីប្រទេសនេះចាកចេញពីអង្គការ OPEC។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣២សេន មកនៅត្រឹម៧៩,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ៣៣សេន មកនៅត្រឹម៧៣,៥៦ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here