តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាស បាន ងើបឡើង ថ្លៃ នៅថ្ងៃ ច័ន្ទនេះ ខណៈ ប្រាក់ ដុល្លារ និង ផល ប័ត្ររតនាគារ អាមេរិក ធ្លាក់ ថ្លៃចុះ ដោយ សារ អ្នកវិនិយោគមានការ រំពឹង ទុក ថា ធនាគារ កណ្តាល អាមេរិក នឹង កាត់ បន្ថយ អត្រា ការ ប្រាក់ នៅ ដើម ឆ្នាំ ក្រោយ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤%ដល់២០៥២,៦៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសអាមេរិកU.S. gold futures បានងើបឡើង០,៩ភាគរយដល់២០៦៩,១ដុល្លារក្នុងមួយអោន។

លោក Tai Wong ដែលជាពាណិជ្ជករលោហៈធាតុឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានអះអាងថា លោហៈធាតុដ៏មានតម្លៃនានា រួមទាំង មាសកំពុងត្រូវបានជំរុញឱ្យហក់ឡើងថ្លៃ តាមរយៈការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ចំនួន១៥០ពិន្ទុមូលដ្ឋានក្នុងឆ្នាំ២០២៤ ដោយធនាគារកណ្តាលអាមេរិក។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមពាណិជ្ជករបានបង្កើនការភ្នាល់ថា ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនា បន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា សម្ពាធតម្លៃទំនិញបន្តធ្លាក់ចុះកាលពីខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង អត្រាអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្រោម៣% នៅក្នុងខែវិច្ឆិកា ហើយសម្ពាធតម្លៃទំនិញក៏បន្តធ្លាក់ចុះផងដែរ។

លោក Phillip Streible ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន Blue Line Futures ក្នុងទីក្រុង Chicago បានលើកឡើងថា តម្លៃមាសនឹងត្រូវបានជំរុញឱ្យហក់ឡើងថ្លៃបន្ត ដោយសារការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក ផលប័ត្ររតនាគារ និងការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។

សន្ទស្សន៍ប្រាក់ដុល្លារ បានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត៥ខែ ដែលធ្វើឲ្យមាសកាន់តែមានភាពទាក់ទាញសម្រាប់អតិថិជនបរទេស។ ចំណែក ផលប័ត្ររតនាគារអាមេរិករយៈពេល១០ឆ្នាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែកក្កដា។

តម្លៃលោហធាតុប្រាក់Spot silver បានធ្លាក់ចុះ១,២% ទៅដល់២៤,១២ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៧% ដល់៩៦៩,៦៧ដុល្លារក្នុងមួយអោន ហើយតម្លៃPalladium បានធ្លាក់ចុះ០,៩% ដល់១២០២,៤៦ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here