ក្រុមអ្នកធុរកិច្ចចិនស្វែងរកឱកាសវិនិយោគលើវិស័យយានយន្ត នៅកម្ពុជា

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ប្រតិភូវិនិយោគិនចិនមួយក្រុម បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើបំណងសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគ និងកាលានុវត្តភាពវិនិយោគ ព្រមទាំងព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងវិស័យយានយន្តនៅកម្ពុជា។

ដោយទទួលបានការអនុញ្ញាត ពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះលោក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក.អ.ក. និងឯកឧត្តមអគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគិនចិន ដែលមានបំណងសែ្វងយល់ អំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគ ព្រមទាំងសិក្សាលម្អិតអំពីនីតិវិធី និងបទប្បញ្ញត្តិពាក់ព័ន្ធនានាក្នុងការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ បង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីនីតិវិធីនៃការវិនិយោគ លើវិស័យយានយន្តសំដៅប្រមូលព័ត៌មានឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយបន្ថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ លោកក៏បានជម្រាបជូន ដោយសង្ខេបអំពីកញ្ចប់លើកទឹកចិត្ត ប្រកបដោយភាពទាក់ទាញ លើសកម្មភាពវិនិយោគក្នុងវិស័យនេះ ក៏ដូចជាយន្តការផ្ដល់កិច្ចសម្រួលការវិនិយោគបរទេស និងក្នុងស្រុក ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស លោកក៏បានលើកឡើងអំពីផែនទី បង្ហាញផ្លូវការអភិវឌ្ឍន៍វិស័យយានយន្ដ និងអេឡិចត្រូនិកនៅកម្ពុជាដែលជាឧបក​រណ៍ សម្រាប់វិនិយោគិនក្នុងការស្វែងយល់ អំពីសក្ដានុពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិកក្នុងបរិកបទ នៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈម និងវិធានការគន្លឹះ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការរង ក៏បានលើកទឹកចិត្តឱ្យគណៈប្រតិភូពិនិត្យលទ្ធភាព ក្នុងការដាក់ពាក្យស្នើសុំវិនិយោគឱ្យបានឆាប់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ជាអតិបរមាពីកញ្ចប់លើកទឹកចិត្តស្របតាមច្បាប់ជាធរមាន។

ជាការឆ្លើយតប  សមភាគីបានថ្លែងអំណរគុណ ជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសម្រួលវិនិយោគ តាមរយៈការរៀបចំ និងសម្របសម្រួលកិច្ចពិភាក្សានាពេលនេះ ប្រកបដោយភាពស្និទ្ធស្នាល ហើយគណៈប្រតិភូបានសម្តែងនូវភាពវិជ្ជមាន ក្នុងការបន្តពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពដើម្បីបណ្តាក់ទុនវិនិយោគរបស់ខ្លួន នៅលើទីតាំងវិនិយោគប្រកបដោយសក្ដានុពលនាពេលដ៏ខ្លីខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here