ការនាំចេញទៅកាន់តំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា កំពុងជួបការរំខាន ខណៈផ្លូវដឹកជញ្ជូននៅព្រែកជីកស៊ុយអេ រងការវាយប្រហារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកជំនាញព្រមានថា ការនាំចេញរបស់ប្រទេសថៃទៅកាន់តំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា ដែលមានតម្លៃប្រមាណ៣៧,៧ពាន់លានដុល្លារ កំពុងជួបការរំខាន ខណៈក្រុមសកម្មប្រយុទ្ធHouthi បើកការវាយប្រហារលើនាវា នៅតាមបណ្តោយផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងសមុទ្រក្រហម។

លោក Aat Pisanwanich សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចអន្តរជាតិបានព្រមានថា ការនាំចេញរបស់ប្រទេសថៃ តាមរយៈផ្លូវនេះ អាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈក្រុមហ៊ុនដឹកជញ្ជូនជាច្រើន បានបង្ខំចិត្តបើកនាវាលើផ្លូវឆ្ងាយជាងមុន នៅភាគខាងត្បូងនៃទ្វីបអាហ្រ្វិក ដែលនាំឱ្យមានការចំណាយខ្ពស់ជាងមុន។

លោកបានកត់សម្គាល់ថា ប្រហែល១៥% នៃចរាចរដឹកជញ្ជូនសរុបរបស់ពិភពលោក ឆ្លងកាត់តាមព្រែកជីកស៊ុយអេ Suez ដែលជាផ្លូវដឹកជញ្ជូនខ្លីបំផុតរវាងតំបន់អឺរ៉ុប និងតំបន់អាស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្ម ដែលមានទឹកប្រាក់ប្រមាណ៣ទ្រីលានដុល្លារ ក្នុងចំណោមទំហំពាណិជ្ជកម្មពិភពលោកសរុបចំនួន២៥ទ្រីលានដុល្លារ ពឹងផ្អែកលើផ្លូវដឹកជញ្ជូនដ៏សំខា ន់មួយនេះ។

លោកសាស្ត្រាចារ្យបានព្រមានថា ប្រសិនបើសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីបរីករាលដាល ដល់ក្រុមសកម្មប្រយុទ្ធផ្សេងទៀតនៅក្នុងតំបន់ ពោលគឺក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន និងក្រុមសកម្មប្រយុទ្ធ Hezbollah នៅក្នុងប្រទេសលីបង់នោះសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក អាចជួបប្រទះវិបត្តិថ្មី។

លោកបន្តថា “ថ្លៃដឹកជញ្ជូននឹងកើនឡើង ដោយសារតែថ្លៃប្រេងឥន្ធនៈ និងការធានារ៉ាប់រងកាន់តែខ្ពស់ ដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធ។  ប្រសិនបើកប៉ាល់ មិនអាចឆ្លងកាត់ផ្លូវនេះទៀតទេ ហើយត្រូវធ្វើដំណើរតាមផ្លូវវាង ភាគខាងត្បូងនៃទ្វីបអាហ្រ្វិក នោះថ្លៃដឹកជញ្ជូនអាចកើនឡើង យ៉ាងហោចណាស់១៥% ហើយខ្សែសង្វាក់ផ្គត់ផ្គង់នឹងត្រូវបានរំខាន”។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមឧទ្ទាម Houthi នៅយេម៉ែនបានបង្កើនការវាយប្រហារ លើនាវានៅព្រែកជីក Suez ដោយកំណត់គោលដៅលើនាវា ដែលជាប់ព្រំដែនអ៊ីស្រាអែល ដោយប្រើប្រាស់ច្រកសមុទ្រBab el-Mandeb ដែលតភ្ជាប់សមុទ្រក្រហមទៅនឹងឈូងសមុទ្រ Aden ។

ក្រុម Houthis បានបើកការវាយប្រហារ ជាបន្តបន្ទាប់ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក លើនាវានៅក្នុងតំបន់ ដែលក្រុមនេះបានអះអាងថា វាជាការឆ្លើយតប ចំពោះការវាយលុករបស់ប្រទេ​សអ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប៕

LEAVE A REPLY

Please enter your comment!
Please enter your name here