NBCនិងUPIប្រកាសដាក់ឲ្យដំណើរការទូទាត់ឆ្លងដែន តាមរយៈQR Code

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការ។

ប្រព័ន្ឋទូទាត់នេះ ធ្វើឡើងរវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីប្រកាសដាក់ឱ្យដំណើរការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពី លោកWang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងតំណាងពីក្រសួងទេសចរណ៍ ក្រុមហ៊ុនUPI និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសរុបប្រមាណ១៥០រូប។

ដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈឃ្យូអរកូតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៃចក្ខុវិស័យពង្រីកវិសាលភាពប្រតិបត្តិការទូទាត់ឆ្លងដែន តាមឃ្យូអរកូតរបស់ប្រព័ន្ធបាគង ឱ្យកាន់តែទូលំទូលាយ។

តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ក្រុមហ៊ុន UPI អាចស្កេន KHQR Code ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្ម ទៅឱ្យអាជីវករ ឬម្ចាស់ហាងលក់ទំនិញ-សេវាកម្មនៅកម្ពុជា ជាប្រាក់រៀលបាន។ ដូចគ្នានេះដែរ ចាប់ពីដើមឆ្នាំ២០២៤ តទៅ ប្រជាជនកម្ពុជា ក៏អាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តឯកជន ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត ក្នុងបណ្តាញទូទាត់ UnionPay នៅទូទាំងពិភពលោក ដោយគ្រាន់តែស្កេនឃ្យូអរកូត (UnionPay QR Code) របស់ក្រុមហ៊ុន UPI។

បន្ថែមលើនេះ សមិទ្ធផលថ្មីនេះក៏បានឆ្លុះបញ្ចាំង អំពីគោលបំណងនៃសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ក៏ដូចជាបានរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here