បរិយាកាសវិនិយោគរបស់កម្ពុជាបង្កើតឱកាសកាន់តែច្រើនសម្រាប់ពាណិជ្ជករនិងវិនិយោគិនកូរ៉េ

ដោយ: គង់ លាងហួរ

សេអ៊ូល: លោកស្រីជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានលើកឡើងពីភាពបន្ស៊ីគ្នា ផ្នែកសេដ្ឋកិច្ចរវា​ងប្រទេសទាំងពីរ នៅក្នុងព្រឹត្តិការណ៍វិនិយោគធុរកិច្ចមួយនៅប្រទេសកូរ៉េខាងត្បូង។

លោកស្រីបានថ្លែងបែបនេះ នៅក្នុងវេទិកាធុរកិច្ច និងវិនិយោគកូរ៉េ-កម្ពុជា លើកទី២ ដែលរៀ​បចំធ្វើឡើងនៅអគារTrade Tower ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងវេទិកានោះ លោកស្រីបានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់កូរ៉េ ដើម្បីពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច (EPA) ជាមួយដៃគូផ្សេងទៀត និងគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន (KASI) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើតឱកាសកាន់តែច្រើននៅក្នុងតំបន់ និងពិភពលោក។

លោកស្រីថ្លែងថា កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចរួម កិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធទ្វេរដង (DTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ត្រូវបានដាក់ឱ្យអនុវត្ត ខណៈដែលប្រទេសទាំង២ ក៏បានចូលរួមនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េខាងត្បូងផងដែរ។

ជាលទ្ធផល កិច្ចព្រមព្រៀង FTA ដែលចូលជាធរមានកាលពីឆ្នាំមុន បានជំរុញឱ្យពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងឈានដល់ទំហំទឹកប្រាក់ខ្ពស់ ជាប្រវត្តិសាស្ត្រប្រមាណ១,០៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។

ទន្ទឹមគ្នានេះ ឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា បានពង្រីកលើសពីវិស័យបែបប្រពៃណី ដោយប្រទេសនេះបានធ្វើពិពិធកម្មឧស្សាហកម្មរបស់ខ្លួនយ៉ាងសកម្ម។ ជាក់ស្តែង ការដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មីនៅឆ្នាំ២០២១  បានត្រួសត្រាយផ្លូវ និងជំរុញឱ្យបរិយា​កាសវិនិយោគកាន់តែមានភាពអំណោយផល។

លោកស្រីឯកអគ្គរាជទូតបានមានប្រសាសន៍ថា “ច្បាប់វិនិយោគថ្មីរបស់កម្ពុជា អនុក្រឹត្យ និងការដាក់ឱ្យដំណើរការនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផ្តល់នូវបរិយាកាសវិនិយោគដ៏អំណោយផល និងបង្កើតឱកាសបន្ថែមទៀត សម្រាប់ពាណិជ្ជករ និងអ្នកវិនិយោគ” ។

ជាមួយគ្នានេះ បណ្តាអ្នកចូលរួមក្នុងវេទិកាខាងលើ បានទទួលការយល់ដឹងកាន់តែស៊ីជម្រៅ ពីវិស័យពាក់ព័ន្ធនានា ដោយបានបំភ្លឺបន្ថែមទៀត នូវទិដ្ឋភាពពហុភាគីនៃទំនាក់ទំនងកូរ៉េ-កម្ពុជា និងផ្លូវដ៏ជោគជ័យ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។

កូរ៉េ​ខាងត្បូងមើល​ឃើញ​កម្ពុជា​ ជា​ទីផ្សារ​ជំនួស​ដ៏​មាន​សក្តានុពល ស្របពេល​មាន​ភាព​មិន​ប្រាកដប្រជា ​នៅលើសកលលោក។  គុណសម្បត្តិជាយុទ្ធសាស្ត្រ ដូចជាកំណើនសេដ្ឋកិច្ចខ្ពស់ តម្លៃពលកម្មទាប និងចំនួនប្រជាជនវ័យក្មេង ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅអនាគត ដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុនកូរ៉េ ដែលកំពុងស្វែងរកទីផ្សារថ្មី។

វេទិកានេះត្រូវបានរៀបចំ ក្នុងគោលបំណងផ្តល់ការយល់ដឹងដ៏មានតម្លៃសម្រាប់អ្នកធុរកិច្ច ដែលកំពុងពិចារណាឈានជើងចូលទីផ្សារនៅកម្ពុជា។ វេទិកាខាងលើនេះ ក៏មានការចូលរួមពីអ្នកជំនាញមកពីសភាពាណិជ្ជកម្មកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តល់ជូននូវទិដ្ឋភាពដ៏ទូលំទូលាយ អំពីបរិយាកាសទីផ្សាររបស់កម្ពុជា។

លើសពីនេះ វាគ្មិន​បាន​បកស្រាយយ៉ាងជម្រៅ ​អំពី​បរិយាកាស​ធុរកិច្ច និង​ការវិនិយោគ ឧស្សាហូបនីយកម្ម និង​ឌីជីថលនីយកម្ម មូលធនមនុស្ស និង​ច្បាប់​ស្តីពី​ការងារ និង​សហជីព ដើម្បី​ផ្តល់​ការយល់ដឹង​កាន់តែ​ច្បាស់ ​អំពី​បរិយាកាស​ធុរកិច្ច​ទាំងមូល​របស់​កម្ពុជា ​សម្រាប់​វិនិយោគិន​កូរ៉េ៕Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here