ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈធនាគារកណ្តាលអាមេរិក(Fed) បានផ្តល់សញ្ញាពីការបិទបញ្ចប់គោលនយោបាយដំឡើងអត្រាការប្រាក់របស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញ។
ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ងើបឡើងថ្លៃប្រហែល១,៦ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,២៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៨១ភាគរយ។
សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,០២៨ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,០០២ភាគរយ។
ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ១,៦១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,១៨ភាគរយ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិកធៀបនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េន និងរូបិយប័ណ្ណសំខាន់ៗចំនួន៤ផ្សេងទៀត បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,៨៧ពិន្ទុ។
ប្រាក់យ៉េនបានងើបឡើងថ្លៃវិញយ៉ាងគំហុក ដោយជួញដូរក្នុងតម្លៃ១៤២,៨០យ៉េន ក្នុងមួយដុល្លារ ខណៈប្រាក់អឺរ៉ូបានស្ថិតនៅទ្រឹងក្នុងតម្លៃ១,០៨៨ដុល្លារ ក្នុងមួយអឺរ៉ូ បន្ទាប់ពីបានងើបឡើងថ្លៃកាលពីថ្ងៃពុធ។
ចំណែក តម្លៃប្រេងក៏បានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារការព្រួយបារម្ភពីភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងផែនការបញ្ចុះអត្រាការប្រាក់នាពេលអនាគតរបស់ធនាគារកណ្តាលអាមេរិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤៦សេន ដល់៧៤,៧២ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0007 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង៤៨សេន ដល់៦៩,៩៥ដុល្លារក្នុងមួយបារ៉ែល៕