ដោយៈ ចំណាន
ភ្នំពេញៈ ថ្នាក់ដឹកនាំធនាគារ Philip Bank បានបង្ហាញពីទំនុកចិត្តក្នុងការវិនិយោគរយៈពេលវែងនៅកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ធនាគារហ្វីលីព ភីអិលស៊ី ដឹកនាំដោយលោក Lim Hua Min ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ លោកLim Hua Min បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគទុនិក ក្នុងការវិនិយោគរយៈពេលវែងនៅកម្ពុជា និងគម្រោងពង្រីកប្រតិបត្តិការដោយមានគំរូអាជីវកម្មថ្មីៗ ស្របតាមការវិវត្តនៃទីផ្សារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
បន្ថែមលើនេះ លោកក៏បានស្វែងយល់បន្ថែមពីការវិវត្តនៃគុណភាពឥណទាន និងការរក្សាស្ថិរភាពក្នុងប្រព័ន្ធធនាគារផងដែរ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការលើកឡើងនូវទស្សនាទានវិជ្ជមាន និងការជឿជាក់មកលើប្រព័ន្ធធនាគារកម្ពុជា។ លើសពីនេះ លោកជំទាវក៏បានជម្រាបជូនពីការអភិវឌ្ឍក្របខណ្ឌបទប្បញ្ញត្តិ សម្រាប់គាំទ្រនវានុវត្តន៍ហិរញ្ញវត្ថុ និងការការពារអតិថិជន ក៏ដូចជាស្ថិរភាពប្រព័ន្ធធនាគារផងដែរ៕









