តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក(Fed) បានប្រកាសបញ្ចប់ការដំឡើងអត្រាការប្រាក់របស់ខ្លួន និងបង្ហាញពីផែនការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំក្រោយ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង១,៣% ដល់២០០៤,៧៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង1934 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២%ដល់១៩៩៧,៣០ដុល្លារ ក្នុងមួយអោន។

ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលកាលពីថ្ងៃពុធ ខណៈមន្ត្រីធនាគារកណ្តាលចំនួន១៧នាក់ក្នុងចំណោម១៩នាក់ បានធ្វើការព្យាករណ៍ថា នៅចុងឆ្នាំ២០២៤ អត្រាការប្រាក់នឹងមានកម្រិតទាបជាងនៅពេលនេះ។

ការទទួលស្គាល់របស់ធនាគារ Fed លើសម្ពាធអតិផរណា ដែលបន្តធ្លាក់ចុះ បានបង្កើនការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់ ដែលកំពុងជំរុញឱ្យផលប័ត្ររតនាគារ និងប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃយ៉ាងគំហុក ខណៈមាសហក់ឡើងថ្លៃជាបន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនេះ ក្រុមពាណិជ្ជករកំពុងមើលឃើញឱកាសប្រហែល៧៥% ដែលធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន នៅក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមឧបករណ៍ CME Fedwatch ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង២,៥% ដល់២៣,៣២ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,១% ដល់៩៣០,៥៦ដុល្លារក្នុងមួយអោន ហើយតម្លៃប៉ាឡាដ្យូមបានងើបឡើង០,៥% ដល់៩៨៣,៨៣ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here