តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក(Fed)។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ធ្លាក់ថ្លៃចុះ០,១៣ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៥១ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៧៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៤៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,៤៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,២៧ភាគរយ។

កំណើនការងារនៅសហរដ្ឋអាមេរិកបានបង្កើនល្បឿន នៅក្នុងខែវិច្ឆិកា ខណៈដែលអត្រាអ្នកអត់ការងារធ្វើបានធ្លាក់ចុះដល់៣,៧% ដែលជាសញ្ញាបង្ហាញពីភាពរឹងមាំនៃទីផ្សារការងារមូលដ្ឋាន និងជំរុញឱ្យក្រុមពាណិជ្ជករភ្នាល់ថា ធនាគារ Federal Reserve អាចនឹងពន្យារពេលរហូតដល់ខែឧសភា ដើម្បីចាប់ផ្តើមការបញ្ចុះអត្រាការប្រាក់ជាលើកដំបូងរបស់ខ្លួន។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅសហរដ្ឋអាមេរិក បានកើនឡើង៣,១% នៅក្នុងខែវិច្ឆិកា លើមូលដ្ឋានប្រចាំឆ្នាំ ស្របតាមការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែវិច្ឆិកាបានកើនឡើង០,១%បើធៀបនឹងតុលា។

ធនាគារកណ្តាលអាមេរិក (Fed) ត្រូវបានគេរំពឹងថា នឹងរក្សាទុកឱ្យអត្រាការប្រាក់ឱ្យនៅថេរដដែល ក្នុងសប្តាហ៍នេះ ហើយទីផ្សារមើលឃើញឱកាសប្រហែល៨០% ដែលធនាគារនេះអាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េន និងរូបិយប័ណ្ណ៤ផ្សេងទៀត បានស្ថិតនៅទ្រឹងត្រឹម១០៣,៨២ពិន្ទុ បន្ទាប់ពីបានធ្លាក់ថ្លៃចុះ០,៣១ភាគរយពេញមួយយប់។

តម្លៃប្រេងបានបន្តធ្លាក់ចុះនៅថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ចុះជាង៣ភាគរយដល់កម្រិតទាបបំផុតក្នុងរយៈពេល៦ខែនៅក្នុងវគ្គមុន ដោយសារការផ្គត់ផ្គង់លើសតម្រូវការ និងការព្រួយបារម្ភអំពីនៃការថយចុះតម្រូវការប្រេង។

តម្លៃប្រេងឆៅ Brent futures សម្រាប់ខែកុម្ភៈបានធ្លាក់ចុះ១សេនដល់៧៣,២៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0207 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures សម្រាប់ខែមករាបានធ្លាក់ចុះ២សេនមកនៅត្រឹម៦៨,៥៩ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here