តម្លៃប្រេងស្ថិតក្នុងសភាពទ្រឹង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលលទ្ធផល និងការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់ ក្នុងកិច្ចប្រជុំចុងក្រោយប្រចាំឆ្នាំ២០២៣របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ងើបឡើងថ្លៃប្រហែល០,៤០ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៦៧ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,០៩ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,០៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,៤៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៣៧ភាគរយ។

កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃវិញយ៉ាងគំហុកបើធៀបនឹងប្រាក់យ៉េន ដោយជួញដូរក្នុងតម្លៃ១៤៥,១២យ៉េនក្នុងមួយដុល្លារ បន្ទាប់ពីបានធ្លាក់ថ្លៃចុះខ្លាំងកាលពីចុងសប្តាហ៍មុន។

រីឯនៅថ្ងៃអង្គារនេះ ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃប្រហែល០,៩ភាគរយពេញមួយយប់បើធៀបនឹងប្រាក់យ៉េនរបស់ប្រទេសជប៉ុន។

ជាមួយគ្នានេះ ក្រុមពាណិជ្ជកររំពឹងទុកយ៉ាងខ្ពស់ថា ធនាគារកណ្តាលអាមេរិក(Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែល នៅឯកិច្ចប្រជុំគោលនយោបាយ ក្នុងសប្តាហ៍នេះ។

កំណើនការងារនៅសហរដ្ឋអាមេរិកបានបង្កើនល្បឿនក្នុងខែវិច្ឆិកា ខណៈដែលអត្រាអ្នកអត់ការងារធ្វើបានធ្លាក់ចុះដល់៣,៧% ដែលជាសញ្ញាបង្ហាញពីភាពរឹងមាំនៃទីផ្សារការងារមូលដ្ឋាន និងជំរុញឱ្យក្រុមពាណិជ្ជករភ្នាល់ថា ធនាគារ Federal Reserve អាចនឹងពន្យារពេលរហូតដល់ខែឧសភា ដើម្បីចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ជាលើកដំបូង។

ចំណែក តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃអង្គារនេះ មុនមានការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់សំខាន់ៗ និងការប្រកាសទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures សម្រាប់ខែកុម្ភៈបានស្ថិតនៅទ្រឹងត្រឹម៧៦,០៣ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0103 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures សម្រាប់ចែកចាយនៅខែមករា បានកើនឡើង៣សេនដល់៧១,៣៥ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here