តើធនាគារChief Bank សម្រេចបាននូវសមិទ្ធិផល និងភាពជោគជ័យអ្វីខ្លះក្នុងរយៈពេល១០ឆ្នាំ?

ដោយ: គង់ លាងហួរ

ភ្នំពេញ: ធនាគារពាណិជ្ជ Chief Bank Cambodia Plc បានប្រារព្ធខួបលើកទី១០ឆ្នាំ នៃការកកើតឡើងរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០២៣។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន របស់លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ នាយកប្រតិបត្តិនៃធនាគារឈីហ្វ លោក ហេង​ បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា និងលោកYe Haiya(Michael) តំណាងដ៏ខ្ពង់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឈីហ្វ។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ នាយកប្រតិបត្តិនៃធនាគារឈីហ្វ បង្ហាញនូវសុទិដ្ឋិនិយមថា វត្តមានរបស់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី នៅក្នុងឧស្សាហកម្មធនាគារកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍ទៅវិញ ទៅមកដល់ប្រជាជនកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា Chief bank បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។ ដោយសារតែការកើនឡើងឥតឈប់ឈរ នៃតម្រូវការសេវាកម្មធនា​គារ យើងបានពង្រីក និងធ្វើពិពិធកម្មផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់យើង។

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ធនាគារ Chief Bank បានទទួលលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឱ្យ Chief Bank បំពេញតម្រូវការចាំបាច់ សម្រាប់ការធ្វើឱ្យប្រសើរឡើងទៅជាធនាគារពាណិជ្ជ និងបានពង្រីកទុន ពង្រីកសាខាជាបន្តបន្ទាប់ជាមួយចក្ខុវិស័យ និងជំហានឆ្ពោះទៅមុខយ៉ាងរ៉ឹងមាំ។

លោកបណ្ឌិតបានអះអាងថា យើងបានដាក់ចេញទស្សនវិជ្ជាសាជីវកម្មរបស់យើង ‘The Chief Way’ ដើម្បីដឹកនាំក្រុមរបស់យើងសម្រាប់ស្នាដៃ និងសមិទ្ធិផលដែលទទួលបានជោគជ័យ ជាបន្តបន្ទាប់។  វាគឺជាវិធីមួយដើម្បីកសាងទំនុកចិត្ត និងភាពជាដៃគូទៅវិញទៅមកជាមួយអតិថិជនរបស់យើង ដែលជាគន្លឹះនៃវិបុលភាពរួមគ្នា និងជាវិធីដែលអាជីវកម្មរបស់យើង ធ្វើឡើងដោយស្មោះស្ម័គ្រជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈ ខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។

ដើម្បីគាំទ្រដល់វិស័យធនាគារនៅកម្ពុជា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ផ្តល់ជូននូវផលិតផលធនាគារពាណិជ្ជដ៏ទូលំទូលាយ រួមមាន គណនីប្រាក់បញ្ញើផ្សេងៗ ប្រាក់កម្ចីបុគ្គល កម្ចីពាណិជ្ជកម្ម និងហិរញ្ញវត្ថុពាណិជ្ជកម្មជាដើម ជាមួយនឹងលក្ខណៈពិសេសគួរឱ្យទាក់ទាញ និងប្រកបដោយភាពច្នៃប្រឌិត។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ គូសបញ្ជាក់ថា ថ្មីៗនេះ យើងបានដាក់ឱ្យដំណើរការកម្មវិធី Chief easy ជាកម្មវិធីផ្តល់ប្រាក់កម្ចីឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា ហើយកម្មវិធីនេះមានអ្នកទាញយកប្រហែល១ម៉ឺននាក់ អ្នកប្រើប្រាស់ចុះឈ្មោះ៧.៥០០នាក់ និងទទួលបានពាក្យស្នើសុំចំនួន៥ពាន់ សម្រាប់ប្រាក់កម្ចីខ្នាតតូចឌីជីថល។

លោកបណ្ឌិតបន្តថា ធនាគារពាណិជ្ជឈីហ្វ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ផលិតផលកាតឥណទាន និងឥណពន្ធផ្ទាល់ខ្លួនរបស់ខ្លួននាពេលអនាគតដ៏ខ្លីខាងមុខនេះ។លោកបន្ថែមថា ក្នុងស្មារតីនៃបាវចនារបស់យើង “ដើម្បីប្រជាជនកម្ពុជា ដោយប្រជាជនកម្ពុជា” និងមានការរួមដៃជាមួយប្រជាជនកម្ពុជា យើងប្តេជ្ញាចូលរួមចំណែកក្នុងការអភិវឌ្ឍ និងជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលត្រូវបានធ្វើឱ្យប្រសើរឡើង ពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។

ជាមួយគ្នានេះ លោកYe Haiya(Michael) តំណាងដ៏ខ្ពង់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឈីហ្វ លើកឡើងថា កាលពី១០ឆ្នាំមុន ពួកយើងជាអ្នកត្រួសត្រាយផ្លូវមកពីហុងកុង យើងបានមកដល់ទីក្រុងភ្នំពេញ ហើយបានបង្កើតធនាគារChief Bank Cambodia ដោយក្តីរីករាយ និងក្តីស្រមៃ។

លោកYe Haiya អះអាងថា នេះ​ពិតជា​ភាពជោគជ័យ​ក្នុង​រយៈពេល១០ឆ្នាំ​មាសនៃ​សេដ្ឋកិច្ច​កម្ពុជា ដែល​ក្នុង​រយៈពេល​នោះធនា​គារ​ Chief Bank Cambodia បាន​រីកធំធាត់ ដោយបានជួលបុគ្គលិកដល់​ជាង១៧០នាក់ និងប្រែក្លាយពី​ធនាគារ​ឯកទេស​ ទៅជា​ធនាគារ​ពាណិជ្ជ​ដែលមាន​សាខា​ចំនួន៤។

លោកបន្តទៀតថា ដោយសារមានការគាំទ្រ និងការណែនាំយ៉ាង​ទូលំទូលាយ ពីធនាគារជាតិនៃកម្ពុជា និយតកររបស់យើងផ្តល់ឱ្យវិស័យធនាគារនូវបរិយាកាសធុរកិច្ច ប្រកបដោយយុត្តិធ៌ម  រួមជាមួ​យនឹងការអភិវឌ្ឍន៍ដ៏ទំនើប ដើម្បីបង្កើនតម្លាភាព ប្រសិទ្ធភាព និងភាពបត់បែន ដើម្បីសម្រួលដល់ធនាគារ និងអតិថិជនទូទាំងប្រទេស។

ជាមួយគ្នានេះ ដោយសារមានការជឿទុកចិត្តពីអតិថិជន ក្នុងនាមជាធនាគារលក់រាយ ធនាគារឈីហ្វ បានប្តេជ្ញាចិត្តដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម អ្នកទើបចាប់ផ្តើមអាជីវកម្មថ្មី និងម្ចាស់អាជីវកម្មខ្នាតតូច ក្នុងឧស្សាហកម្មជាច្រើន មិនត្រឹមតែជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពងាយស្រួល ផ្នែកពាណិជ្ជកម្ម ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុជាច្រើន ដើម្បីជួយអាជីវកម្ម និងគ្រួសាររបស់ពួកគេ។

លោកYe Haiya បន្ថែមថា ជាមួយគ្នានេះ បុគ្គលិករបស់យើងទាំងអស់មានភាពឧស្សាហ៍ព្យាយាម ទេពកោសល្យ និងវិជ្ជាជីវៈ​។  បុគ្គលិករបស់យើង គឺប្រៀបដូចទៅនឹងធនាគារពាណិជ្ជឈីហ្វ ពោលគឺមានវ័យក្មេង មានភាពស្វាហាប់ មានឆន្ទៈក្នុងការសិក្សា និងត្រៀមខ្លួនរួចជាស្រេចក្នុងការវិវត្ត ធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងដោយស្មោះត្រង់។

យ៉ាងណាមិញ លោកគូសបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ យើងបានជួបប្រទះ នឹងកំណើនសេដ្ឋកិច្ចដ៏រីកចំរើន និងបានឆ្លងកាត់ម៉ោងដ៏ខ្មៅងងឹតនៃជំងឺរាតត្បាតផងដែរ ប៉ុន្តែយើងបានបំពេញកាតព្វកិច្ចដោយជោគជ័យ ដោយសារបុគ្គលិកមានការខិតខំប្រឹងប្រែង ដែលភាគច្រើនគឺជា បុគ្គលិកក្នុងស្រុក និងមកពីទីក្រុងហុងកុង ហើយពួកគេបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអតិថិជនរបស់យើង សាកល្បងដំណោះស្រាយ តាមដែលអាចធ្វើទៅបាន ដើម្បីប្រឈមមុខនឹងបញ្ហាជាមួយគ្នា។

ខាងផ្នែកអាជីវកម្ម ធនាគារ Chief Bank បានបង្កើតកម្មវិធីផ្តល់ប្រាក់កម្ចីខ្នាតតូច តាមអ៊ីនធឺណេតដំបូងគេ ដើម្បីបង្កើនផលិតផល ចាប់យកនិន្នាការ នៃការប្រើប្រាស់ឌីជីថល ក្នុងឧស្សាហកម្មធនាគារ ការលើកកម្ពស់ទីផ្សារឌីជីថល និងការផ្តល់សិទ្ធិអំណាចដល់ធនាគារចល័ត។ ម្យ៉ាងវិញទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ Chief Bank ក៏បានពង្រីកបណ្តាញរបស់ខ្លួន ដោយជ្រើសរើសទីតាំងយុទ្ធសាស្ត្រដើម្បីសាខាថ្មីៗផងដែរ។

លោកលើកឡើងថា ដោយសម្លឹងឆ្ពោះទៅមុខ យើងនឹងបន្តខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីចងក្រងតម្រូវការរបស់និយតករ សង្ក​ត់ធ្ងន់លើអភិបាលកិច្ចសាជីវកម្មល្អ របស់ធនាគារនៅគ្រប់ជ្រុងជ្រោយ រក្សាការច្នៃប្រឌិតថ្មីលើអាជីវកម្ម កសាងការជឿជាក់ និងទំនុកចិត្តទៅវិញទៅមក ជាមួយអតិថិជននាពេលអនាគត និងអតិថិជនដែលមានស្រាប់ ដើម្បីធានាថា អាជីវកម្មរបស់យើងត្រូវបានធ្វើឡើង ប្រកប​ដោយក្រមសីលធម៌ និងវិជ្ជាជីវៈគ្រប់ពេលវេលា ដើម្បីធានាថាផលប្រយោជន៍របស់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវ។

លោក Ye Haiya បានមានប្រសាសន៍ឱ្យដឹងទៀតថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ យើងរំពឹងថានឹងមានកំណើនសេដ្ឋកិច្ច ប្រកប​ដោយនិរន្តរភាព រួមជាមួយនឹងការអនុវត្តកម្មវិធីពហុបច្ចេកវិទ្យា ក៏ដូចជាការអភិវឌ្ឍន៍សង្គម និងវប្បធម៌នៅកម្ពុជា ហើយវាប្រាកដណាស់ថា ធនាគារ Chief Bank Cambodia នឹងបន្តចាប់យកឱកាសនេះ ដើម្បីរួមចំណែកដល់សហគមន៍ ប្រជាជន និងប្រទេសជាតិ។

ចំណែកលោក ហេង​ បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជាលើកឡើងថា ពេលវេលាដើរទៅមុខយ៉ាងលឿន ហើយ១០ឆ្នាំបានកន្លងផុតទៅ។

លោកបន្តដោយរំលឹកថា “ខ្ញុំចាំបានថា ក្នុងឆ្នាំ២០១៣ ធនាគារនេះ បានដំណើរការជាលើកដំបូងជាធនាគារឯកទេស ហើយត្រូវបានធ្វើឱ្យប្រសើរឡើង ទៅជាធនាគារពាណិជ្ជនៅឆ្នាំ២០១៨ ដោយទទួលបានជោគជ័យយ៉ាងខ្លាំង”។

លោកហេង​ បូមករា បានបន្តថា សមិទ្ធិផលទាំងនេះបានបង្ហាញពីការខិតខំប្រឹងប្រែង ប្រកបដោយការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ក៏ដូចជា ការជឿទុកចិត្តរបស់ម្ចាស់ភាគហ៊ុន របស់ធនាគារនេះចំពោះស្ថិរភាព ភាពធន់នឹងសេដ្ឋកិច្ច និងលទ្ធភាពជោគជ័យនៃប្រព័ន្ធធនាគារ។

លោកសង្ឃឹមយ៉ាងមុតមាំថា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី នឹងបន្តពង្រឹងអាជីវកម្មរបស់ខ្លួន ក៏ដូចជារចនាគំរូអាជីវកម្មរបស់ខ្លួន ស្របតាមការអភិវឌ្ឍន៍នៃឧស្សាហកម្មធនាគារ និងបរិបទបច្ចេកវិទ្យា ដើម្បីនាំមកនូវបទពិសោធន៍អាជីវកម្មថ្មីៗ បច្ចេកវិទ្យាទំនើប នវានុវត្តន៍ និងភាពខុសគ្នានៃផលិតផលហិរញ្ញវត្ថុថ្មី ដោយប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិព្រូដិនសល និងការត្រួតពិនិត្យរបស់ធនា​គារជាតិនៃកម្ពុជា បូករួមនឹងការបន្តយកចិត្តទុកដាក់ លើការការពារអតិថិជន។

លោក ហេង​ បូមករា បានលើកទឹកចិត្តដល់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ក្នុងការចូលរួមចំណែក ដើម្បីលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here