ទុនវិនិយោគលើវិស័យសំណង់សម្រេចបានទំហំទឹកប្រាក់៥០០០លានដុល្លារអាមេរិកក្នុងរយៈពេលត្រឹម៨ខែនៃឆ្នាំនេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ សំណើសុំសាងសង់សរុបមានចំនួន ៣៣៥០គម្រោង បានកើនឡើង ៤៥៥គម្រោង ដែលមានតម្លៃ ៥០៨១លានដុល្លារ ធ្លាក់ចុះ១៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន នៅរយៈពេល៨ខែ ឆ្នាំ២០២០នេះខណៈ កំណើនចំនួនគម្រោងសាងសង់នេះ ភាគច្រើនជាសំណង់ប្រភេទ លំនៅដ្ឋាន។ នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច និងសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថានភាពទូទៅនៃវិស័យអចលនទ្រព្យនៅកម្ពុជា នៅមិនទាន់មានសញ្ញាបង្ហាញពីភាពអវិជ្ជមាន ឬរងនូវការគំរាមកំហែងច្រើន បើទោះជាមានការញាំញីពីបញ្ហា Covid-19 និងជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗកន្លងទៅនេះក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ  Khmer Foundation Appraisal ។

លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយកាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ពេលនេះយើងមើលឃើញថា បច្ចុប្បន្នអត្រាកំណើននៃការវិនិយោគ ចន្លោះពី២០-៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ហើយសម្រាប់គម្រោងសាងសង់នានា ក៏នៅតែបន្តដំណើរការសាងសង់ ជាពិសេសសំណង់លំនៅដ្ឋានទាំងនៅក្នុង និងក្រៅក្រុង ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។

លោកឧកញ៉ាបន្តទៀតថា “បងប្អូនភាគច្រើនតែងតែមានការវាស់ស្ទង់ ទៅលើទីផ្សារអចលនទ្រព្យកម្ពុជា ដែលបង្ហាញពីការព្រួយបារម្ភត្រឹមតែមួយជ្រុង ប៉ុន្តែមិនបានពិចារណាទៅ៣ជ្រុងទៀតនៃ១ភាគ៤ វាមានលក្ខណៈល្អប្រសើរបែបណា”។

លោកបន្តថា ជាក់ស្តែងនៅដើមឆ្នាំ២០១៩ ដែលផ្ទុះឡើងនូវវិបត្តិ Covid-19 បានរាំងខ្ទប់ដំណើរអ្នកវិនិយោគក្រៅប្រទេសមកកាន់កម្ពុជា ដែលធ្វើឱ្យបងប្អូនយើងក្នុងស្រុកមួយចំនួន កើតមានក្ដីព្រួយបារម្ភ ពាក់ព័ន្ធទៅនឹងការដាក់ទុនវិនិយោគ ប៉ុន្តែជាក់ស្ដែងពេលនេះ ការវិនិយោគនៅក្នុងស្រុកនៅតែបន្តមាន ដោយសារតែដៃគូខាងក្នុងប្រទេស កំពុងតែឈេរយ៉ាងរឹងម៉ាំក្នុងការជំនួសមុខឱ្យដៃគូក្រៅប្រទេសក្នុងការកសាង និងអភិវឌ្ឍន៍”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា នៅក្នុងឱកាសនេះផងដែរ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបង្កើតនូវម្លប់សន្តិភាពសម្រាប់កម្ពុជា បានធ្វើការវិនិយោគទុនយ៉ាងសន្ធឹកសន្ធាប់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅតាមបណ្តាខេត្តដែលមានសក្ដានុពល ដូចជា ខេត្តព្រះសីហនុ និងគម្រោងកែប្រែសោភ័ណភាព គុណភាពផ្លូវថ្នល់នៅខេត្តសៀមរាប សម្រាប់ទ្រទ្រង់វិស័យដឹកជញ្ជូន ទ្រទ្រង់វិស័យទេសចរណ៍ ក៏ដូចជាបង្កើតសក្ដានុពលក្នុងការវិនិយោគពីវិស័យឯកជន។

ជាមួយគ្នានេះដែរ នៅក្នុងរយៈពេល៨ខែ ឆ្នាំនេះ កម្ពុជាទទួលគម្រោងវិនិយោគឯកជនសរុប ចំនួន១១៣គម្រោង ធ្លាក់ចុះ២២គម្រោង មានទុនវិនិយោគ ២ ៣២៩លានដុល្លារ ធ្លាក់ចុះ៥៧ភាគរយ។ ទោះបីជាគម្រោងវិនិយោគជារួមមានការធ្លាក់ចុះក្តី គម្រោងវិនិយោគវិស័យឧស្សាហកម្ម បានកើនឡើង ៨គម្រោងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here