ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយៈ សូរិយា
ភ្នំពេញៈ គណៈកម្មការវិនិយោគអន្តរជាតិ (International
Investor Committee) នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានរៀបចំកិច្ចប្រជុំផ្លូវការជាលើក៥ របស់ខ្លូន ដើម្បីចូលរួមពិភាក្សា និងកំណត់ទិសដៅយុទ្ធសាស្ត្របន្ត។
កិច្ចប្រជុំនេះដឹកនាំដោយលោកឧកញ៉ា សន សៀប – ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មការ ដូចជា លោក ស៊ា ឆៃលីន ប្រធានគណៈកម្មការ។ លោក ហូយ រដ្ឋា អនុប្រធានគណៈកម្មការទទួលបន្ទុកបន្ទុកវិនិយោគិន ក្នុងតំបន់អាស៊ាន។ លោក ហាក់ គីមថុង អនុប្រធានគណៈកម្មការទទួលបន្ទុកវិនិយោគិនប្រទេសចិន។ លោក អ៊ូក ឆេងលី ប្រធានទំនាក់ទំនងវិនិយោគិន ជប៉ុន។ លោក សៅ សាខុំ ប្រធានវិនិយោគ និងស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាជាដើម។
កិច្ចប្រជុំនេះបានផ្តោតលើប្រធានបទសំខាន់ធំៗចំនួន២ រួមមានទី
១-ការរៀបចំគោលនយោបាយ៖ ទស្សនៈវិស័យ បេសកកម្ម និងតួនាទីស្នូលរបស់គណៈកម្មការ ដើម្បីចូលរួមជាមួយវិស័យសាធារណៈ និងឯកជនក្នុងការចំណាយវិនិយោគក្នុងស្រុក និងអន្តរជាតិ។
ទី២-កម្មវិធី ពិភាក្សាលើ ការផ្គូរផ្គងអចលនទ្រព្យនានានៅលើទីផ្សារ ជាពិសេសគឱកាសវិនិយោគលើគម្រោងអលនទ្រព្យក្នុងខេត្តព្រះស៊ីហនុ ដែលធ្វើឡើងនៅថ្ងៃទី៣០ មេសា ២០២៥ ដែលមានសមាជិកអង្គភាពរដ្ឋ ចូលរួមដូចជា និយ័តករបរធនបាលកិច្ច លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះស៊ីហនុ និង អ្នកវិនិយោគជាតិនិងអន្តរជាតិជាច្រើន។
គណៈកម្មការនេះ បង្កើតឡើងដើម្បីធ្វើជាស្ពានតភ្ជាប់ រវាងសមាជិកជំនាញផ្នែកអចលនវត្ថុកម្ពុជា និងអ្នកវិនិយោគនៅក្នុងស្រុក និងអន្តរជាតិ។ ការសហការនេះ នឹងជួយបង្កើនភាពជោគជ័យ ក៏ដូចជាអភិវឌ្ឍន៍វិស័យអចលនវត្ថុកម្ពុជា៕