ការសិក្សា: ប្រជាជនអាមេរិកត្រូវការប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងតិចជាង១១មុឺនដុល្លារដើម្បីមានលទ្ធភាពទិញផ្ទះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត AP News បានរាយការណ៍ថា ការទិញលំនៅដ្ឋានកំពុងក្លាយជាបញ្ហាកាន់តែលំបាកសម្រាប់ប្រជាជនអាមេរិកភាគច្រើន ដោយសារអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងតម្លៃផ្ទះបានកើនឡើងហួសលទ្ធភាពរបស់ពួកគេ។

បច្ចុប្បន្ននេះ ប្រជាជនអាមេរិកត្រូវរកប្រាក់ចំណូលឱ្យបានយ៉ាងតិច១១៤.០០០ដុល្លារក្នុងមួយឆ្នាំ ដើម្បីទិញផ្ទះដែលតម្លៃជាមធ្យម៤៣១.២៥០ដុល្លារក្នុងមួយខ្នង នៅទូទាំងសហរដ្ឋអាមេរិកក្នុងខែមេសា។នេះបើយោងតាមទិន្នន័យពីវេបសាយ Realtor.com ។

ក្រុមអ្នកវិភាគបានវាយតម្លៃថា អ្នកទិញផ្ទះ ដែលរកប្រាក់ចំណូលបានយ៉ាងតិច១១៤.០០០ដុល្លារក្នុងមួយឆ្នាំនឹងអាចបង់ប្រាក់កក់មុនចំនួន២០ភាគរយ និងស្វែងរកប្រាក់កម្ចីដែលមានអត្រាការប្រាក់ថេររយៈពេល៣០ឆ្នាំដើម្បីបង្គ្រប់ការទិញផ្ទះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រជាជនអាមេរិករស់នៅតាមទីក្រុងធំៗ រួមមានដូចជា ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទីក្រុងឡូសអេនជឺលេស ទីក្រុងញូវយ៉ក និងទីក្រុបូស្តុន ត្រូវរកប្រាក់ចំណូលប្រចាំឆ្នាំឱ្យបានលើសពី២០០.០០០ដុល្លារដើម្បីមានលទ្ធភាពទិញផ្ទះ។

ការដាំក្បាលចុះនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិកកាលពីអំឡុងពេលផ្ទុះជំងឺរាតត្បាត បានជំរុញឱ្យមានការប្រកួតដេញថ្លៃក្នុងចំណោមអ្នកទិញផ្ទះ ដែលជាមូលហេតុនាំឱ្យផ្ទះត្រូវបានលក់ចេញលើសពីតម្លៃ ដែលបានកំណត់ដោយអ្នកលក់។

តម្លៃផ្ទះនៅសហរដ្ឋអាមេរិកហក់ឡើងជាង ៥០ភាគរយ ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។នៅក្នុងខែមេសា ឆ្នាំនេះ តម្លៃផ្ទះជាមធ្យម ដែលបានចុះបញ្ជីសម្រាប់ដាក់លក់នៅអាមេរិកបានកើនឡើង០,៣ភាគរយធៀបនឹងឆ្នាំមុន។នេះបើយោងតាមវេបសាយ ​​Realtor.com៕ប្រភព: AP៕

LEAVE A REPLY

Please enter your comment!
Please enter your name here