អត្រាការិយាល័យទំនេរនៅទីក្រុងម៉ានីលរំពឹងធ្លាក់ចុះមកនៅក្រោម២០ភាគរយនៅចុងឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: អត្រាការិយាល័យទំនេរនៅទីក្រុងម៉ានីល (Metro Manila) ដែលជារដ្ឋធានីរបស់ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកនៅក្រោមអត្រា២០ភាគរយនៅចុងឆ្នាំ២០២៥។នេះបើយោងតាមក្រុមហ៊ុនសេវាកម្មប្រឹក្សាយោបល់អចលនទ្រព្យ CBRE។

តម្រូវការជួលការិយាល័យពីសំណាក់បណ្តាក្រុមហ៊ុនគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន និងដំណើរការអាជីវកម្ម (IT-BPM) ក្រុមហ៊ុនផ្នែកថែទាំសុខភាព និងឧស្សាហកម្មធនាគារ បានជួយកាត់បន្ថយនូវអត្រាការិយាល័យទំនេរនៅទីក្រុងម៉ានីល ក្រោយក្រុមហ៊ុនហ្គេមអនឡាញបរទេសទាំងអស់បានបិទទ្វារ។

លោក Jie C. Espinosa នាយកក្រុមហ៊ុន CBRE Philippines បានអះអាងថា ការកើនឡើងនូវអត្រាការិយាល័យទំនេរក្នុងរយៈពេល២ត្រីមាសកន្លងមក បណ្តាលមកពីការបិទទ្វារក្រុមហ៊ុនល្បែងសុីសងបរទេស (POGO)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាយ៉ាងណាក្តី លោក Jie C. Espinosa បានបញ្ជាក់ថា ដោយសារផលប៉ះពាល់ភាគច្រើនបានកើតឡើងរួចទៅហើយ នោះស្ថានភាពគួរតែអាចមានភាពល្អប្រសើរឡើងវិញ ដោយសារតម្រូវការនៅតែមានស្ថិរភាព។

អត្រាការិយាល័យទំនេរនៅទីក្រុងម៉ានីលបានកើនឡើងដល់ចំនួន២០,១ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំនេះ បើធៀបនឹងអត្រា១៩,៩ភាគរយនៅក្នុងត្រីមាសទី៣ និងនៅត្រីមាសទី៤ នៃឆ្នាំ២០២៤ បន្ទាប់ពីលោកប្រធានាធិបតីហ្វីលីពីន Ferdinand R. Marcos, Jr. បានប្រកាសបិទប្រតិបត្តិការក្រុមហ៊ុន POGOs កាលពីខែសីហា ឆ្នាំមុន។

សម្រាប់រដ្ឋធានីម៉ានីល ក្រុមហ៊ុន CBRE Philippines បានព្យាករណ៍ថា ទីក្រុងនេះនឹងទទួលបានការផ្គត់ផ្គង់ការិយាល័យថ្មីទំហំ៣៨៩.៦០០ម៉ែត្រការ៉េ នៅក្នុងឆ្នាំ២០២៥នេះ៕ប្រភព: Business World ៕

LEAVE A REPLY

Please enter your comment!
Please enter your name here