កម្ពុជារាជរដ្ឋាភិបាលកំណត់ទិសដៅ២ឆ្នាំ ប្រែក្លាយគ្រឹះស្ថានសិក្សារដ្ឋពី ៥០០ ទៅ ១,០០០ ទៅជាសាលារៀនគំរូ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានកំណត់ទិសដៅប្រែក្លាយគ្រឹះស្ថានសិក្សារដ្ឋពី ៥០០ ទៅ១,០០០សាលា ឱ្យក្លាយទៅជាសាលារៀនគំរូ។

របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេច ធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណ​ភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។

វិធានការគន្លឹះនោះរួមមាន៖ ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២៖ ការពិនិត្យ កែសម្រួល និងរៀប​ចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថ​របស់​សិស្ស, ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និងទី៤៖ ភាពជាដៃគូរដ្ឋ និងសហគមន៍​ដើម្បីលើកកម្ពស់ការអប់រំ។

ក្រសួងអប់រំ យុវជន និងកីឡា ក៏ពិនិត្យឡើងវិញលើស្តង់ដាសាលារៀនដែលដាក់ចេញកន្លងមក ដោយ​បាន​បញ្ជ្រាបវិធានការគន្លឹះទាំង៤ទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សា​ដល់​មធ្យមសិក្សា ដែលផ្ដោតលើលទ្ធផលសិក្សារបស់សិស្ស ការបង្រៀន និងរៀនការចូលរួមរបស់សហគមន៍ ដំណើរការប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ដោយមាននាយករដ្ឋមន្ត្រី ជា​ប្រធាន អមដោយសមាភាពឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីចំនួន ១៦រូប និងអភិបាល នៃគណៈ​អភិបាលរាជធានី ខេត្ត ជាសមាជិកផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ក្នុងការអនុវត្ត «ស្តង់ដា​សាលា​រៀន​គំរូ» និង «ពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី» ព្រមទាំង «យុទ្ធនាការសាលារៀនស្អាត​គ្មាន​សំរាម» នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ក្នុងនោះ ស្តង់ដាសាលារៀនគំរូ នឹងចាប់ ផ្ដើមអនុវត្ត និងពង្រឹងចាប់ពីឆ្នាំសិក្សាថ្មីនេះតទៅ។

អ្វីទៅជាសាលារៀនគំរូ? សាលារៀនគំរូ គឺសាលារៀនដែលមានដំណើរការពេញលេញ រួមមាន៖

ទី១៖ សាលារៀន មានគណនេយ្យភាពជាមួយសហគម​ន៍ និងធ្វើការកែលម្អសាលារៀនស្របតាម​ស្ដង់ដា​សាលា​​​រៀនគំរូ ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសមាតាបិតា ឬអាណាព្យាបាល តាមរយៈ​ការបង្កើត និងដំណើរការគណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការ​គ្រប់គ្រងថ្នាក់រៀន។

ទី២៖ សាលារៀនមានស្វ័យភាពក្នុងការងារផែនការកែលម្អសាលារៀន និងថ្នាក់រៀន ព្រមទាំងការ​ផ្ដល់ការ​អភិវឌ្ឍ​វិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀននិងគ្រូបង្រៀន។

ទី៣៖ សាលារៀនអនុវត្តតេស្តស្តង់ដាជាប្រចាំ និងប្រើប្រាស់លទ្ធផលនៃតេស្តស្តង់ដា ដើម្បីធ្វើការកែលម្អ​ការ​បង្រៀន និងរៀន ការជួយសិស្សរៀនយឺត និងផ្ដល់ព័ត៌មានដល់មាតាបិតា ឬអាណាព្យាបាល និងសហ​គមន៍​ឱ្យចូលរួមគាំទ្របន្ថែម។

ទី៤៖ សាលារៀនមានស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា និងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាដោយ​ផ្ដោត​លើកម្មវិធីអភិវឌ្ឍន៍យុវជន កម្មវិធីអប់រំច្បាប់ចរាចរណ៍ ការងារស្ម័គ្រចិត្ត ការងារសហគមន៍ និងការអប់​រំសីលធម៌។

ទី៥៖ សាលារៀនយកចិត្តទុកដាក់លើការអប់រំសុខភាព អនាម័យ បរិស្ថានស្អាត សាលារៀនគ្មានសំរាម និង​គិតគូរដល់អាហារូបត្ថម្ភដល់សិស្សានុសិស្ស និងទី៦- ការជំរុញការចូលរួមរបស់មាតាបិតា ឬអាណា​ព្យា​បាល និងសហគមន៍ ក្នុងការគាំទ្រ និងការអភិវឌ្ឍសាលារៀន។ នៅក្នុងអំឡុងឆ្នាំសិក្សាថ្មី ២០២៣​-២០២៤ នេះ ក្រសួងនឹងជ្រើសរើសសាលារៀនសំណាក ដែលមានសក្ដានុពលចំនួន ៥០០សាលា ដើម្បីទទួលការជួយគាំទ្រ និងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដា សាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំ។

ក្រសួងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្តអនុវត្តគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ឱ្យបានជោគ​ជ័យ​ប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដោយត្រូវប្រែក្លាយគ្រឹះស្ថានយ៉ាងហោចណាស់ចំនួន ៥០០ ទៅ ១,០០០ក្លាយទៅជាសាលារៀនគំរូ ដោយចាប់ផ្តើមរៀបចំសាលារៀនគំរូ សម្រាប់ប្រកាស​ក្នុង​សន្និបាតអប់រំដែលគ្រោងប្រារព្ធឡើងនាខែមេសា ឆ្នាំ២០២៤ ខាងមុខ ឱ្យបានពី ៥០ ទៅ១០០សាលា។

ក្នុងដំណើរការពិភាក្សា និងឆ្លង លើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ថា ការបង្កើតគណៈ​កម្មា​ធិការជាតិ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី គឺដើម្បីប្រមូលផ្តុំកម្លាំងបន្ថែមក្នុងការធ្វើសកម្មភាព​ឱ្យចំគោល​ដៅ។

សម្តេចធិបតី បានណែនាំក្រសួងអប់រំ យុវជន និងកីឡា កំណត់អាទិភាព និងសកម្មភាពជាក់ស្តែងឱ្យបាន​ច្បាស់​លាស់ ដោយផ្តោតសំខាន់លើធនធានមនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និង​ពេលវេលាដែលត្រូវអនុវត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here