តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ ដែលជំរុញដោយការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាមេរិក ខណៈដែលទីផ្សារកាន់តែមានទំនុកចិត្តថា ធនាគារកណ្តាលអាមេរិក(Fed) បានឈានដល់ទីបញ្ចប់នៃការរឹតបន្តឹងគោលនយោបាយដំឡើងអត្រាការប្រាក់របស់ខ្លួន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១% ដល់១៩៩៣,៩៦ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 0123 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១%ដូចគ្នា ដល់១៩៩៤,៧០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ០,២% ធៀបនឹងរូបិយប័ណ្ណគូប្រជែងរបស់ខ្លួន ដោយប្រឈមមុខនឹងការធ្លាក់ថ្លៃអស់រយៈពេល២សប្តាហ៍ជាប់ៗគ្នា ដែលការណ៍នេះធ្វើឱ្យតម្រូវការមាសហក់ឡើងខ្ពស់។

ជាមួយគ្នានេះ ក្រុមពាណិជ្ជកររំពឹងទុកយ៉ាងខ្ពស់ថា ធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល ក្នុងកិច្ចប្រជុំគោលនយោបាយ នៅខែធ្នូខាងមុខ ខណៈក្រុមពាណិជ្ជករ មើលឃើញឱកាសប្រហែល២៦% នៃការកាត់បន្ថយអត្រាការប្រាក់នៅដើមខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមគេហទំព័រ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះទៀត ក្រុមមន្ត្រីរបស់ធនាគារកណ្តាលអាមេរិក (Fed) បានឯកភាពថា ពួកគេអាចនឹងដំឡើងអត្រាការប្រាក់ លុះត្រាតែវឌ្ឍនភាពក្នុងការគ្រប់គ្រងអតិផរណាមានការធ្លាក់ចុះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១% ដល់២៣,៦៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនស្ថិតនៅទ្រឹងត្រឹម៩១៥,៤៣ដុល្លារ ក្នុងមួយអោន ហើយតម្លៃPalladium បានងើបឡើង០,១% ដល់១០៤៧,២៨ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here