McDonald’s កំពុងបណ្តាក់ទុនវិនិយោគបន្ថែមនៅក្នុងប្រទេសចិន ដោយមើលឃើញឱកាស និងសក្តានុពលដ៏ធំ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនខ្សែសង្វាក់អាហាររហ័ស McDonald’s របស់សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនការកាន់កាប់ភាគហ៊ុនរកសុីនៅក្នុងប្រទេសចិន និងបានបង្ហាញទំនុកចិត្តលើកំណើនអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី២របស់ពិភពលោកមួយនេះ។

ទោះជាយ៉ាងនេះក្តី ចំណាត់ការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន McDonald’s គឺខុសផ្ទុយស្រឡះទៅនឹងនិន្នាការបច្ចុប្បន្ន ដែលគេសង្កេតឃើញថា ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនបរទេសផ្សេងទៀតជាច្រើន កំពុងធ្វើពិពិធកម្មចេញពីប្រទេសចិន ឬរហូតដល់ថ្នាក់ចាកចេញពីទីផ្សារចិនទាំងមូល ដោយសារតែបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។

យោងតាមសេចក្តីប្រកាសកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះបានឱ្យដឹងថា ក្រុមហ៊ុនឯកជនខ្នាតយក្ស Carlyle Group បានយល់ព្រមលក់ភាគហ៊ុនទាំងមូលរបស់ខ្លួននៅក្នុងប្រតិបត្តិការ McDonald’s China ត្រឡប់ទៅឱ្យក្រុមហ៊ុនខ្សែសង្វាក់អាហាររហ័ស McDonald’s វិញ។

តួយ៉ាង ក្រុមហ៊ុន McDonald’s បានទិញយកភាគហ៊ុនចំនួន២៨ភាគរយ ពីក្រុមហ៊ុន Carlyle ត្រឡប់មកវិញ ដែលធ្លាប់បានធ្វើប្រតិបត្តិការ និងគ្រប់គ្រងអាជីវកម្មរបស់ហាង McDonald’s នៅក្នុងតំបន់ចិនដីគោក ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ។ ប៉ុន្តែទំហំនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ នោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

McDonald's China Operations to Be Sold to Locally Led Consortium - The New  York Times

ដូច្នេះ ការកាន់កាប់ភាគហ៊ុនរបស់ហាង McDonald’s នៅក្នុងប្រទេសចិនបានកើនឡើងពី២០ភាគរយនាពេលបច្ចុប្បន្ន រហូតដល់៤៨ភាគរយ ចំណែកសមាគមផ្នែកជំនួញ ដែលដឹកនាំដោយក្រុមហ៊ុនរដ្ឋចិន CITIC កាន់កាប់ភាគហ៊ុនចំនួន៥២% ។

លោក Chris Kempczinski នាយកប្រតិបត្តិក្រុមហ៊ុន McDonald’s បានគូសបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងជឿជាក់ថា មិនមានពេលវេលាណាល្អប្រសើរជាងពេលនេះ ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធរបស់យើងមានភាពសាមញ្ញនោះទេ ដោយសារយើងមានឱកាសដ៏ធំ ក្នុងការចាប់យកតម្រូវការដែលកំពុងកើនឡើង និងទាញយកអត្ថប្រយោជន៍បន្ថែមពីសក្តានុពលរយៈពេលវែងនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនលឿនបំផុតរបស់យើង”។

ចាប់តាំងពីឆ្នាំ២០១៧មក ចំនួនហាង McDonald’s នៅក្នុងប្រទេសចិនបានកើនឡើងទ្វេរដងដល់៥.៥០០កន្លែង ហើយប្រទេសចិនបានក្លាយជាទីផ្សារដ៏ធំបំផុតទីពីររបស់ខ្សែសង្វាក់អាហាររហ័សមួយនេះ។ ទន្ទឹមគ្នានោះ ក្រុមហ៊ុន McDonald’s គ្រោងបង្កើនចំនួនហាង ក្នុង ប្រទេស ចិនដល់ជាង១មុឺនកន្លែង នៅ ត្រឹម ឆ្នាំ២០២៨ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here