តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងកម្រិតតិចតួច នៅថ្ងៃពុធនេះ ខណៈប្រាក់ដុល្លារមានស្ថេរភាព ទោះបីជាមានការរំពឹងទុកថា ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក(Fed)បានឈានដល់ទីបញ្ចប់នៃការរឹតបន្តឹងគោលនយោបាយអត្រាការប្រាក់របស់ខ្លួនយ៉ាងណាក្តី។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១% ដល់១៩៩៦,៧៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 0123 GMT បន្ទាប់ពីបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣សប្តាហ៍ គឺ២០០៧,២៩ដុល្លារ ក្នុងមួយអោន នៅក្នុងវគ្គមុន។

ចំណែកឯ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures ក៏បានធ្លាក់ចុះ០,១ភាគរយផងដែរ មកនៅត្រឹម១៩៩៨,៨០ដុល្លារ ក្នុងមួយអោន ។

ទីផ្សារកំពុងរំពឹងខ្ពស់ថា ធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល នៅក្នុងខែធ្នូ ហើយបច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសជិត៦០% ដែលធនាគារ Fed អាចនឹងបញ្ចុះអត្រាការប្រាក់យ៉ាងហោចណាស់២៥ពិន្ទុមូលដ្ឋាននៅខែឧសភា ឆ្នាំ២០២៤ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមមន្ត្រីធនាគារ Fed បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយថា ពួកគេនឹងបន្តធ្វើការដោយប្រុងប្រយ័ត្ន ហើយការដំឡើងអត្រាការប្រាក់អាចនឹងបន្ត ប្រសិនបើវឌ្ឍនភាពក្នុងការគ្រប់គ្រងអត្រាអតិផរណាដើរថយក្រោយ។

យោងតាមទិន្នន័យគយបានបង្ហាញកាលពីថ្ងៃអង្គារថា ការនាំចេញមាសរបស់ប្រទេសស្វីសក្នុងខែតុលាបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែឧសភាមក ខណៈដែលការចែកចាយទៅកាន់ប្រទេសឥណ្ឌាបានកើនឡើង ដើម្បីបំពេញតម្រូវការក្នុងរដូវបុណ្យទានរបស់ប្រទេសនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣% ដល់២៣,៧៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣% ដល់៩៣១,៣៤ដុល្លារ ក្នុងមួយអោន ហើយតម្លៃPalladium បានធ្លាក់ចុះ០,៦%ដល់១០៧២,៣៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here