វិមានក្រឹមឡាំង ទទួលស្គាល់យ៉ាងកម្រថា រុស្ស៊ី ប៊ិះនឹងដួលរលំសេដ្ឋកិច្ច បន្ទាប់ពីទទួលរងទណ្ឌកម្មលោកខាងលិច

តែម សុខុម

ហុងកុង: វិមានក្រឹមឡាំង បានទទួលស្គាល់យ៉ាងកម្រថា សេដ្ឋកិច្ចរុស្ស៊ី ប៊ិះនឹងដួលរលំកាលពីឆ្នាំមុន បន្ទាប់ពីទទួលរងទណ្ឌកម្ម “ដ៏ឆ្កួតលេលា” របស់លោកខាងលិច។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា។

ប៉ុន្តែពេលនេះប្រទេសរុស្ស៊ី អះអាងថា ខ្លួនយកជ័យជម្នះលើទណ្ឌកម្មទាំងនោះបានហើយ និងកំពុងបោះជំហ៊ានឆ្ពោះទៅរកកំណើនដ៏រឹងមាំក្នុងឆ្នាំនេះ ទោះជាក្រុមអ្នកជំនាញសេដ្ឋកិច្ចបានធ្វើការព្យាករថានឹងបន្តមានការរឹតបន្តឹងលើសេដ្ឋកិច្ចរបស់រុស្ស៊ី យ៉ាងណាក្ដី។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅថា “មានការគំរាមកំហែងដែលអាចឈានទៅដល់ការដួលរលំសេដ្ឋកិច្ច ហើយយើងពិតជាត្រូវប្រើប្រាស់រាល់ធនធាន និងកងកម្លាំងផ្ទៃក្នុងទាំងអស់ដែលមានដើម្បីទប់ស្កាត់ការដួលរលំនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា សម្ពាធសេដ្ឋកិច្ចនោះគឺភាគច្រើនបណ្ដាលមកពីទណ្ឌកម្ម ក្រោយពីប្រទេសរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ទណ្ឌកម្មទាំងនោះរួមមានទាំងការបង្កកទុនបម្រុងអន្តរជាតិរបស់ខ្លួនប្រមាណ៣០០ពាន់លានដុល្លារអាមេរិក ការដកធនាគារមួយចំនួនរបស់ខ្លួនចេញពីបណ្ដាញទូទាត់ SWIFT ដ៏សំខាន់ និងការអនុវត្តបម្រាម ព្រមទាំងការកំណត់តម្លៃ៦០ដុល្លារអាមេរិក ក្នុងមួយបារែលលើប្រេងរុស្ស៊ី ដែលជាប្រភពចំណូលកំពូលមួយរបស់ប្រទេសនេះផងដែរ។

អ្នកនាំពាក្យដដែលលើកឡើងថា ប៉ុន្តែប្រទេសរុស្ស៊ី យកជ័យជម្នះលើទណ្ឌកម្មទាំងនេះដោយជោគជ័យ ហើយពេលនេះកំពុងស្ថិតក្នុងដំណាក់កាលឆ្ពោះទៅរកការសម្រេចបាននូវកំណើន។

វិមានក្រឹមឡាំង ពេលនេះព្យាករថា សេដ្ឋកិច្ចរុស្ស៊ី អាចនឹងសម្រេចបានកំណើន៣%ក្នុងឆ្នាំនេះ បើធៀបនឹងកំណើន២,២%ដែលព្យាករដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here