រដ្ឋមន្ត្រីរ៉ែ និងថាមពល: ថាមពលស្អាតគ្របដណ្តប់ជាង៦២ភាគរយនៃការប្រើប្រាស់ថាមពលសរុប នៅកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃអង្គារថា ថាមពលកកើតឡើងវិញ ឬថាមពលស្អាត បានគ្របដណ្តប់ជាង៦២ភាគរយនៃការប្រើប្រាស់ថាមពលសរុបរបស់ប្រទេសកម្ពុជា។

ថាមពលកកើតឡើងវិញ គឺជាថាមពលដែលបានមកពីប្រភពនានាដូចជា វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស។ តួយ៉ាង ថាមពលកកើតឡើងវិញភាគច្រើននៅក្នុងប្រទេសកម្ពុជាត្រូវបានផ្គត់ផ្គង់មកពីទំនប់វារីអគ្គិសនី ដែលវិនិយោគដោយក្រុមហ៊ុនចិន។

ថ្លែងក្នុងវេទិកាស្តីពី “គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា” លោក កែវ រតនៈ បានមានប្រសាសន៍ថា ប្រទេសមួយចំនួនបានទទួលស្គាល់កម្ពុជាចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ខ្លួន ក្នុងការផ្លាស់ប្តូរពីការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលទៅជាថាមពលកកើតឡើងវិញ។

លោកបានបន្តថា គោលការណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺបណ្តារដ្ឋជាសមាជិកទាំងអស់ត្រូវតែប្រើប្រាស់ថាមពលចំនួន៣៥ភាគរយពីប្រភពកកើតឡើងវិញនៅត្រឹមឆ្នាំ២០៣០ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក កែវ រតនៈ បានលើកឡើងថា៖ “ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាគិតត្រឹមឆ្នាំ២០២២ យើងបានប្រើប្រាស់ថាមពលស្អាតជាង៦២ភាគរយនៃការប្រើប្រាស់ថាមពលសរុប”។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ជាង៤០ភាគរយនៃថាមពលស្អាតរបស់យើងបានមកពីរោងចក្រវារីអគ្គីសនី ជាង១០ភាគរយបានមកពីថាមពលពន្លឺព្រះអាទិត្យ ហើយនៅសេសសល់ផ្សេងទៀតបានមកពីថាមពលជីវម៉ាស និងការនាំចូលពីប្រទេសឡាវ”។

លោករដ្ឋមន្ត្រីបានបន្ថែមថា បច្ចុប្បន្ន កម្ពុជាមានលទ្ធភាពផលិតថាមពលប្រមាណ៤.០០០មេហ្គាវ៉ាត់ក្នុងមួយឆ្នាំ ប៉ុន្តែការប្រើប្រាស់ប្រចាំឆ្នាំមានប្រមាណ ២.៤០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ដូច្នេះកម្ពុជាកំពុងពិចារណានាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសនានាក្នុងតំបន់នាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here