ប្រព័ន្ធអនុគ្រោះពន្ធ EBAនឹងចូលជាធរមានឆាប់ៗ ខណៈកម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន

ដោយវឌ្ឃនៈ

ភ្នំពេញៈ នៅសល់តែក្នុងរយៈពេល១ខែទៀត ការសម្រេចដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធរបស់គណៈកម្មការអឺរ៉ុប ដែលបានផ្តល់ឱ្យកម្ពុជា ក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)នឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ។

ទោះជាយ៉ាងណា ការដកប្រព័ន្ឋអនុគ្រោះពន្ឋ២០ភាគរយនេះ មិនមានអ្វីគួរឲ្យបារម្ភសំរាប់កម្ពុជានោះទេ ខណៈកម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើននៅលើពិភពលោក។ ជាមួយគ្នានេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញទៅទស្សនកិច្ច និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយមេដឹកនាំចិននៅខែសីហាខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុបបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការដកផ្នែកខ្លះនៃការអនុគ្រោះពន្ធ និងការជំនួសមកវិញ ជាមួយនឹងពន្ធស្តង់ដាររបស់សហភាពអ៊ឺរ៉ុប  នឹងប៉ះពាល់ដល់ផលិតផលសម្លៀកបំពាក់និងស្បែកជើងដែលបានជ្រើសរើសនិងរាល់ទំនិញសម្រាប់ការធ្វើដំណើរនិងស្ករសរ។

សេចក្តីប្រកាសដដែលបន្តថា ការដកនេះ មានចំនួនប្រហែល១ភាគប្រាំ ឬ១ពាន់លានអឺរ៉ូ នៃការនាំចេញប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ លើកលែងតែសភាអឺរ៉ុប និងក្រុមប្រឹក្សាជំទាស់រឿងនេះ បើពុំនោះទេវិធានការនេះ នឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ។

អនុប្រធានគណៈកម្មការអឺរ៉ុបលោក Josep Borrell មានប្រសាសន៍ថា រយៈពេល ទំហំ និងផលប៉ះពាល់នៃការរំលោភរបស់កម្ពុជា ទៅលើសិទ្ធិក្នុងការចូលរួមក្នុងនយោបាយ និងសេរីភាពនៃការបញ្ចេញមតិ និងសមាគមបានចាកចេញពីសហភាពអឺរ៉ុប ដោយគ្មានជំរើសអ្វីក្រៅពីការដកផ្នែកខ្លះនៃការធ្វើពាណិជ្ជកម្មនេះ។


ការព្រមានដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់គណៈសហភាពអឺរ៉ុបនេះ បានធ្វើផលិតផលនាំចេញរបស់កម្ពុជាប្រមាណ៤០មុខ រួមមានសម្លៀកបំពាក់កាត់ដេរ សម្ភារៈធ្វើដំណើរ វាលី កាបូបស្ពាយ ស្បែកជើង និងស្ករសផងនោះ ត្រូវបង់ពន្ធឡើងវិញក្នុងចំណែក២០ភាគរយនោះ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងកន្លងមកនេះ ថា រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រួយបារម្ភពីការដក ឬព្យួរនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសំណាក់គណៈកម្មសភាពអឺរ៉ុបនោះទេ ខណៈដែលកម្ពុជាបានត្រៀមខ្លួនជាស្រេច ចំពោះបញ្ហានេះ  ដោយបានដាក់ចេញនូវគោលនយោបាយផ្សេងៗ ទប់ទល់ទៅនឹងបញ្ហាញនេះ ។

សម្តេចតេជោហ៊ុន សែនបន្តថាប្រព័ន្ធអនុគ្រោះពន្ធEBAនេះ មុននឹងក្រោយ គង់តែគេដកនោះទេ នៅពេលដែលប្រទេសកម្ពុជានការរីកចំរើន។ សម្តេចបន្តថា ម្យ៉ាងទៀត កម្ពុជាក៏មិនយកអធិប្បតេយ្យភាពរបស់កម្ពុជា ទៅដោះដូរជាមួយនឹងជំនួយនោះដែរ

សមាគមរោងចក្រកាត់ដេរកកម្ពុជា(GMAC) និងស្ថាប័ននានាកាលពីកន្លងមកនេះ បានសរសេរលិខិតទៅគណៈកម្មការសភាពអឺរ៉ុប កុំឱ្យមានការព្យួរ ឬដកប្រព័ន្ធអនុគ្រោះពន្ធEBAនេះ ខណៈដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងទទួលរងនូវវិបត្តិនៃជំងឺ Covid-19 ដែលឈមទៅនឹងបញ្ហាសេដ្ឋកិច្ច និងការនាំចេញនានា។

ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុប ពីប្រទេសអភិវឌ្ឍន៍តិចតួច ទទួលនូវការអនុគ្រោះ ដោយមិនជាប់ពន្ធនាំចូលនិងកូតា។

EBA ជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។  ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូលនិងកូតាប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញនិងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។

គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផល ប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេសអង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here