ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានគូសបញ្ជាក់ថា សុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ជាអាទិភាពដែលរាជរដ្ឋាភិបាល កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំង។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន១៨,១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្តេចធិបតី បានបញ្ជាក់ថា “តម្រូវការរបស់ប្រជាជនមិនមែនត្រឹមតែ៤ឆ្នាំទៅមុខទេ រាជរដ្ឋាភិបាល ត្រូវផ្តល់ការជួយប្រជាពលរដ្ឋទៅមុខរហូត អ្វីដែលសំខាន់យើងត្រូវដោះស្រាយជាជំហានៗ ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង យើងត្រូវក្ដាប់ឲ្យជាប់ពីតម្រូវការរបស់ប្រជាជន”។
សម្តេចបន្តថា ជាក់ស្ដែង សុខុមាលភាពរបស់បងប្អូន ត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់កាន់តែប្រសើរ តាមរយៈការបន្តការដំឡើងប្រាក់ឈ្នួល ការផ្តល់ព្យាបាលជំងឺ ដោយមិនមានការបង់ថ្លៃ ប.ស.ស របបសោធននិវត្តន៍ជាដើម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ ហើយកម្មវីធីទី១ និងទី២ គឺផ្ដោតទៅលើការផ្ដល់យកចិត្តទុកដាក់ ដល់សុខភាពជូនប្រជាពលរដ្ឋឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល និងការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឲ្យមានជំនាញដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នឹងផ្តល់ជូនដល់បងប្អូន ប្រជាពលរដ្ឋដោយផ្ទាល់ និងប្រយោល បន្ថែមលើអត្ថប្រយោជន៍នាពេលបច្ចុប្បន្ន ៕