ទំនុកចិត្តអ្នកប្រើប្រាស់នៅអាមេរិកធ្លាក់ចុះអស់រយៈពេល៣ខែ ជាប់ៗគ្នា ទោះបីសេដ្ឋកិច្ចកំពុងស្ទុះងើបឡើងវិញ

ដោយ: គង់ លាងហួរ

ញូវយ៉ក: យោងតាមសារពត៌មាន CNN បានចុះផ្សាយឱ្យដឹងថា សន្ទស្សន៍ទំនុក​ចិត្ត​ របស់អ្នក​ប្រើ​ប្រាស់​នៅសហរដ្ឋ​អាមេរិក ​បានធ្លាក់​ចុះ​អស់រយៈ​ពេល​៣ខែ​ជាប់​ៗគ្នា​ គិតត្រឹមខែតុលា បើទោះ​បីជាសេដ្ឋកិច្ច​របស់ប្រទេសនេះ កំពុងស្ទុះងើបឡើងវិញយ៉ាងណាក្តី។

អស់រយៈពេល៣ខែជាប់ៗគ្នាមកហើយ ដែលសន្ទស្សន៍ទំនុកចិត្តរបស់អ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ដោយវាបានធ្លាក់ចុះដល់១០២,៦ពិន្ទុ នៅក្នុងខែតុលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក កាលពីខែកញ្ញាកន្លងទៅ សន្ទស្សន៍ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់១០៤,៣ពិន្ទុ  ដែលជាតួលេខទាបបំផុតចាប់តាំងពីខែឧសភា។

នៅក្នុងខែសីហា សន្ទស្សន៍ទំនុកចិត្តរបស់អ្នកប្រើប្រាស់ បានធ្លាក់ចុះច្រើនជាងការរំពឹងទុក មកនៅត្រឹម១០៨,៧ពិន្ទុ បន្ទាប់ពីបានកើនឡើងរយៈពេល២ខែជាប់ៗគ្នា ពោលគឺខែមិថុនា និងខែកក្កដា។

លោកស្រី Dana Peterson ប្រធានសេដ្ឋវិទូនៅក្រុមប្រឹក្សាសន្និសីទបានអះអាងថា ការធ្លាក់ចុះនៃសន្ទស្សន៍ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ នៅខែតុលាបានកើតមានឡើង ស្របពេលដែលពួកគេបន្តព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃតម្លៃជាទូទៅ និងសម្រាប់គ្រឿងទេស និងជាពិសេសគឺតម្លៃប្រេងសាំង។

លោកស្រីបន្តថា អ្នកប្រើប្រាស់ ក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនយោបាយ និងការដំឡើងអត្រាការប្រាក់ផងដែរ ហើយសង្គ្រាមរវាងអុីស្រាអែល និងក្រុមហាម៉ាសបានប៉ះពាល់ ដល់ទស្សន របស់អ្នកប្រើប្រាស់មកលើសេដ្ឋកិច្ច។

ប៉ុន្តែ លោក Bill Adams ប្រធានសេដ្ឋវិទូនៃធនាគារ Comerica Bank លើកឡើងថា  កិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលក្រុមហ៊ុនផលិតរថយន្តធំទាំង៣ បានឈានដល់ជាមួយកម្មករ- កម្មការិនីរបស់សហជីព United Auto Workers ក្នុងសប្តាហ៍មុន ដែលត្រៀមនឹងបញ្ច​ប់កូដកម្មដោយស្វ័យប្រវត្តិ ប្រហែលជាអាចនឹងធ្វើឱ្យទំនុកចិត្តរបស់​អ្នកប្រើប្រាស់មានភាពប្រសើរឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here