ក្រសួងបរិស្ថាន និងADB ពិភាក្សាលើការប្រើប្រាស់ថវិកាគម្រោង ឱ្យមានប្រសិទ្ធិភាព និងតម្លាភាព

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី ជូសាណា វាម៉ា(Jyotsana Varma) នាយកប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ការប្រើប្រាស់ថវិកាគម្រោងឱ្យមានប្រសិទ្ធិភាព និងតម្លាភាព។

ជាមួយនឹងការថ្លែងឡើងយ៉ាងដូច្នេះ ដោយមានការគូសបញ្ជាក់ពីលោកស្រីនាយកប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ថា លោកស្រី ចង់ដឹងអំពីផែនការអភិវឌ្ឍថ្នាក់ជាតិ រយៈពេល៥ឆ្នាំរបស់ក្រសួងបរិស្ថាន ដើម្បីងាយស្រួលដល់ ADB រៀបចំគម្រោងថវិកាឱ្យបានសមស្រប និងឆ្លើយតបចំពោះផែនការថ្នាក់ជាតិរបស់ក្រសួង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលតែងតែមានការគាំទ្រមកដល់ប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កន្លងមក ហើយឆ្លើយតបនឹងការលើកឡើងនេះ ក្រសួងបរិស្ថានបានផ្តោតលើការងារអាទិភាពសំខាន់ៗ ទី១គឺភាពស្អាត ទី២ភាពបៃតង និងទី៣ ចីរភាព។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីក៏បានជំរុញឱ្យ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យកចិត្តទុកដាក់ និងបង្វែរគម្រោងថវិកាឱ្យសមស្រប តាមការងារអាទិភាព នៃយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ទើបការប្រើប្រាស់ថវិកា របស់គម្រោងទទួលបានប្រសិទ្ធិភាព និងតម្លាភាព ។

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨របស់បរិស្ថាននេះ គឺបានអនុលោមតាម “យុទ្ធសាស្រ្តបញ្ចកោណ” ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្អែកលើមូលដ្ឋាន នៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធ ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here