អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៣ ពាន់លានដុល្លារអាម៉េរិកស្មើនឹង ៨៥,៧០ ភាគរយនៃផែនការប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ បានចំនួនជាង១២ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ពាន់លានដុល្លារ ស្មើនឹង ៨៥,៧០ ភាគរយនៃផែនការប្រចាំឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រមូលចំណូលប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៣នេះថា លទ្ធផលប្រមូលពន្ធក្នុងខែកញ្ញា ឆ្នាំ ២០២៣នេះ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួនជាង ១ ពាន់ប៊ីលានរៀល ត្រូវប្រមាណ ២៥៥ លានដុល្លារ ស្មើជាង៧ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

ទាក់ទងការប្រមូលចំណូលនេះ បើគិតសរុបក្នុងរយៈពេល៣ត្រីមាសក្នុងឆ្នាំ២០២៣, អគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួនជាង ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៨០៦ លានដុល្លារ ស្មើនឹង ៧៨,៥៧ ភាគរយនៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ក្នុងនោះបើត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៣ នេះវិញ ការប្រមូលចំណូលសម្រេចបានជាង ១២ ពាន់ប៊ីលានរៀលត្រូវជា៣ ០៦០ លានដុល្លារស្មើនឹង ៨៥,៧០ ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជុំវិញការប្រមូលចំណូលនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់នូវអនុសាសន៍ណែនាំសម្រាប់ជាទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសការងារអាទិភាពសំខាន់ៗ ក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាអ្នកជាប់ពន្ធការដាក់ចេញនូវអាទិភាពការងារ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជនក៏ដូចជាសាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹង និង ការអប់រំអំពីពន្ធដារ ការពង្រឹងការបំពេញ ការងារដោយផ្អែកលើ និយាមនីតិវិធីប្រតិបត្តិការងារ លើគ្រប់ប្រភេទការងារ និងប្រភេទពន្ធ ព្រមទាំងដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួនទៀត សម្រាប់ការងារកែទម្រង់ជាលក្ខណៈប្រព័ន្ធផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានគាំទ្រលើការដាក់ចេញនូវចក្ខុវិស័យនៃការធ្វើបរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ ដើម្បីកែប្រែអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ទៅជារដ្ឋបាលសារពើពន្ធជំនាន់ ៣.០ ស្របទៅតាមបរិការណ៍វិវត្តនៃរដ្ឋបាលសារពើពន្ធក្នុងសកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here