រដ្ឋាភិបាលជប៉ុនបន្តជួយគាំទដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាតាមទូរស័ព្ទប្រកបដោយផ្លែផ្កា ជាមួយលោកជំទាវ កាមិកាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន។

នៅក្នុងការផ្លាស់ប្តូរទស្សនៈគ្នា ជាផ្លូវការជាលើកដំបូង ចាប់តាំងទទួលបានការតែងតាំងជា រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីទាំងពីរបានកោតសរសើរគ្នាទៅវិញទៅមក អំពីការរួមចំណែកយ៉ាង សំខាន់ដល់ការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យ ដែលមានសារសំខាន់ដូចជា សេដ្ឋកិច្ច និងកិច្ចការច្បាប់ នៅក្នុងពេលបំពេញតួនាទីពីមុនរបស់ថ្នាក់ដឹកនាំទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរបានអបអរសាទរ ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងកម្ពុជា- ជប៉ុនដែលត្រូវបានដំឡើងទៅ “ភា​ពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ខណៈពេលដែល ប្រទេសទាំងពីរកំពុងអបអរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។

រដ្ឋមន្ត្រីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ សមិទ្ធផលដែលគួរឱ្យកត់សម្គាល់រួមមាន ការពង្រីក ផ្សារអីអនម៉ល និងការសម្ភោធរោងចក្រដំឡើង រថយន្តរបស់ក្រុមហ៊ុនតូយូតា នៅឆ្នាំក្រោយ។ ភាគីទាំងពីរ ក៏បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមករួមមានវិស័យនយោបាយ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ អភិបាលកិច្ចល្អ ច្បាប់ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងធំធេងដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រីកាមិកា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករបស់ រដ្ឋាភិបាលជប៉ុនក្នុងការបន្តជួយគាំទ្រ ដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។

រដ្ឋាភិបាលជប៉ុនទន្ទឹងរង់ចាំស្វាគមន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរ ឆ្នាំទី ៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២៣ និងជំនួបកំពូលរវាងសម្ដេចធិបតី និងលោកគីស៊ីដា ហ៊្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នា អំពីការវិវត្តនៅក្នុងតំបន់ និងអន្តរជាតិរួមមានទំនាក់ ទំនងអាស៊ាន-ជប៉ុន កិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព និងការបណ្តុះបណ្តាលការដោះមីន ព្រម ទាំងស្ថានការណ៍ដែលកាន់តែយ៉ាប់យឺននៅតំបន់ហ្កាហ្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here