តម្លៃប្រេងកើនឡើង ស្របពេលផ្សារហ៊ុននៅតំបន់អាស៊ីបាន ធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ ខណៈដែលធនាគារកណ្តាលអាមេរិក(Fed) ក៏គ្រោងបង្ហាញការសម្រេចចិត្តលើគោលនយោបាយ អត្រាការប្រាក់របស់ខ្លួននៅថ្ងៃនេះផងដែរ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះ០,១៣ភាគរយ ខណៈផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុន បានងើបឡើងថ្លៃ២ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,១៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៧៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលប័ត្រនៅលើប័ណ្ណរតនាគាអាមេរិក រយៈពេល១០ឆ្នាំបានកើនឡើង៥,៤ពិន្ទុមូលដ្ឋាន ដល់៤,៩២ភាគរយ ខណៈផលប័ត្រនៅលើប័ណ្ណរតនាគាររយៈពេល៣០ឆ្នាំ បានកើនឡើង៦,៦ពិន្ទុមូលដ្ឋានដល់៥,០៩ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់រូបិយប័ណ្ណអាមេរិកធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗ បានងើបឡើង០,០៥៦ភាគរយដល់១០៦,៧៣ពិន្ទុ។ ចំណែកប្រាក់ Sterling របស់ប្រទេសអង់គ្លេស បានធ្លាក់ថ្លៃចុះ០,១៣% នៅថ្ងៃពុធនេះ។

ប្រាក់យ៉េនបានងើបឡើងថ្លៃ០,២៧% ដល់១៥១,២៦យ៉េន ក្នុងមួយដុល្លារ នៅថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេល១ឆ្នាំ គឺ១៥១,៧៤យ៉េន ក្នុងមួយដុល្លារ កាលពីថ្ងៃអង្គារម្សិលមិញនេះ។

ចំណែក តម្លៃ​ប្រេង​បានកើនឡើងនៅថ្ងៃពុធនេះ ស្របពេលដែលទីផ្សារ​កំពុងតាម​ដាន​យ៉ាង​ដិតដល់ លើ​ការ​វិវឌ្ឍ​ចុង​ក្រោយ​បំផុត​ក្នុង​ជម្លោះ ​រវាងប្រទេសអ៊ីស្រាអែល និង​ក្រុម​ហាម៉ាស។

ជាក់ស្តែង តម្លៃប្រេងឆៅរបស់អាមេរិក បានកើនឡើង០,២៨ភាគរយ ដល់៨១,២៥ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅ Brent បានកើនឡើង០,៣៥ភាគរយ ដល់៨៥,៣២ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here