ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ ប្រតិបត្តិការរបស់ធនាគារនៅតែមានភាពល្អប្រសើរ។
លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារនេះបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣១ តុលាថា ស្ថានភាពនៃការផ្តល់ឥណទានរបស់ធនាគារ នៅតែដំណើរការធម្មតា ហើយការដាក់ប្រាក់បញ្ញើរ ក៏មានដំណើរការជាប្រក្រតីផងដែរ ប៉ុន្តែមិនមានសញ្ញាកើនឡើងនោះទេ។
លោកឧកញ៉ាបានបន្តថា “ក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ យើងមិនសម្រេចបានកំណើនប្រាក់ចំណេញទេ គឺប្រាក់ចំណេញរបស់យើងនឹងថយចុះ”។ លោកបន្តថា “ទោះជាយ៉ាងណា ប្រតិបត្តិការបស់យើងនៅតែដំណើរការជាប្រក្រតី ដោយមិនមានសញ្ញាហានិភ័យណាមួយគួរឲ្យបារម្ភនោះទេ”។
លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាមួយនឹងល្បឿននៃការផ្តល់ឥណទានមានសភាពយឺតយ៉ាវ អត្រាសងត្រលប់របស់យើងក៏មានការកើនឡើងផងដែរ ប៉ុន្តែកម្រិតនៃហានិភ័យរបស់វា មិនមានអ្វីគួរឲ្យបារម្ភនោះទេ។
លោកបន្តថា យើងបាននិងកំពុងដាក់ចេញ យុទ្ឋសាស្រ្តជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលអ្វីៗនឹងមានសភាពកាន់តែប្រសើរឡើង តាមផែនការរបស់យើងនាពេលអនាគត។
ធនាគារហត្ថា បានក្លាយជាធនាគារឈានមុខមួយ នៅកម្ពុជា បន្ទាប់ពីស្ថាប័ននេះ បានលក់ភាគហ៊ុនរបស់ខ្លួន ដល់ធនាគារក្រុងស្រ៊ី ដែលមានមូលដ្ឋាននៅប្រទេសថៃ៕